(ភ្នំពេញ)៖ លោក នេត្រ ភក្រ្ដា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា «យុវជនត្រូវចូលរួមក្នុងការការពារភពផែនដីរបស់យើង និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការសន្សំសំចៃ ការប្រើប្រាស់ទឹក ចរន្តអគ្គិសនី និងចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិរបស់ យើងឱ្យបានសកម្មបំផុត»។
ការលើកឡើងរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងវិទិកាយុវជនស្តីពី «តួនាទីយុវជនក្នុងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ» រៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដោយមានការចូលរួមពីយុវជនប្រមាណ២០០នាក់ នៅវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង។
ដោយបានគូសបញ្ជាក់ពីបេសកកម្មរបស់ក្រសួងបរិស្ថាន ក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កាលដែលយុវជនមានការយល់ដឹងខ្ពស់ ពីបញ្ហាការប្រែប្រួលអាកាសធាតុ គឺពិតជាមានសារៈសំខាន់ដើម្បីឱ្យយុវជន អាចចូលរួមក្នុងការកាត់បន្ថយផលប៉ះពាល់ដែលកើត ចេញពីការប្រែប្រួលអាកាសធាតុ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសាកលដែលប្រទេសទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ចូលរួមដោះស្រាយ។ កំណើនឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសនឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាគំរាមកំហែងពិតប្រាកដមួយ ហើយប្រសិនបើយើងមិនគិតគូរទេនោះ ឥទ្ធិពលនិងផលប៉ះពាល់របស់វាមកលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើង។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាច្រើនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយរួមបញ្ចូលទាំងការរៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងកម្មវិធីសមស្របនានា»។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យកើតមានការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាប្រទេស ដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុនៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេស កំពុងអភិវឌ្ឍនានា គឺមិនអាចកាត់ផ្តាច់ចេញពីកិច្ចខិតខំធានាបាននូវសន្តិសុខថាមពល ទឹក និងស្បៀងអាហារ ការកាត់បន្ថយភាពក្រីក្រ និងជារួមពីគោលដៅអភិវឌ្ឍ ដោយចីរភាពបានឡើយ។
ប្រការសំខាន់មួយទៀត នៅក្នុងនយោបាយភូមិសាស្រ្ត គឺការធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាព ដែលជាលក្ខខណ្ឌចាំបាច់ សម្រាប់ការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងជួយការពារភពផែនដី ឱ្យមានបរិស្ថានល្អ និងមានអាយុវែង លោក នេត្រ ភក្ត្រា បានលើកទឹកចិត្ត យុវជនឱ្យចូលរួមក្នុងការការពារបរិស្ថាន និងភពផែនដីដោយមិនចោលសំរាមផ្តេសផ្តាស់ ត្រូវថែរក្សាអនាម័យបរិស្ថានឱ្យបានល្អស្អាត ចូលរួមដាំដើមឈរបង្កើតភាពបៃតង និងសំខាន់ជាងនេះ គឺការសន្សំសំចៃ ការប្រើប្រាស់ទឹក ចរន្តអគ្គិសនីដោយបិទកុងតាក់ភ្លើងពេលឈប់ប្រើប្រាស់ ឬប្រើអំពូលភ្លើងដែលប្រើប្រាស់ចរន្តអគ្គិសនីតិចជាដើម៕