(ភ្នំពេញ)៖ កន្លងមកកម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី “បទឆបោក” និង “បទរំលោភលើទំនុកចិត្ត” ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌមកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងមិត្តអ្នកអានឲ្យបានជ្រាប។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ និងសិស្សនិសិត្សមួយចំនួននៅមានការភ័ន្តច្រឡំ ឬ មិនទាន់បែងចែងឲ្យបានច្បាស់ និងដាច់ពីគ្នាអំពីបទល្មើសទាំងពីរខាងលើ ហេតុដូច្នេះកម្មវិធីយល់ដឹងផ្នែកច្បាប់ក្នុងសប្តាហិ៍នេះ សូមលើកយកប្រធានបទ ស្តីពី «ភាពខុសគ្នានៃបទឆបោក និងបទរំលោភលើទំនុកចិត្ត» មកធ្វើការចែករំលែកដូចតទៅ៖

មុនឈានដល់ការស្វែងយល់អំពីភាពខុសគ្នារវាងបទល្មើសទាំងពីរនេះ សូមធ្វើការរំលឹកជាថ្មីនូវនិយមន័យ របស់បទល្មើសឆបោក និងបទល្មើសរំលោភទំនុកចិត្ត ជាមុនសិន ។

១៖ បទឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឲ្យខូចផលប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ៖

-​ ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។
- ការផ្គត់ផ្គង់សេវា។
- ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពិកាតព្វកិច្ច។

ឧទាហរណ៍៖ លោក ក បានប្រាប់លោក ខ ថាលោកជាមន្ត្រីជាន់ខ្ពស់ នៅក្នុងស្ថាប័នមួយ ប្រសិនបើលោក ខ ចង់ចូលធ្វើបម្រើការនៅស្ថាប័ននេះ។ គាត់អាចជួយលោក ខ បាន ដោយតម្រូវឲ្យលោក ខ ប្រគល់ចំនួន៥,០០០ដុល្លារមកឲ្យខ្លួន។ ប៉ុន្តែជាក់ស្តែងលោក ក គ្រាន់តែជាមន្ត្រីជាប់កិច្ចសន្យាតែប៉ុណ្ណោះ។ ហេតុនេះអំពើរបស់លោក ក គឺជាការក្លែងនូវឋានៈ ដើម្បីទទួលបានតម្លៃ ឬទ្រព្យសម្បត្តិពីលោក ខ។

២៖​​ បទរំលោភទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឲ្យខូចផលប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឲ្យបុគ្គលនោះ ហើយបុគ្គលនោះបានយល់ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬ យកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់ ។
ឧទាហរណ៍៖ លោក មករា និងលោក សីហា ជាមិត្តភក្តិជិតស្និតនឹងគ្នា ។ នៅថ្ងៃមួយ លោក មករា បានខ្ចីម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពីលោក សីហា ដើម្បីជូនប្រពន្ធទៅពេទ្យ ។ បន្ទាប់ពីលោក មករា បានខ្ចីម៉ូតូពីលោក សីហា រួច លោកក៏យកម៉ូតូខាងលើទៅបញ្ចាំ ដើម្បីយកប្រាក់ទៅលេងល្បែង ។ លោក មករា មិនបានប្រគល់ (សង) ម៉ូតូខាងលើទៅឲ្យលោក សីហា ឡើយ ដោយប្រាប់ថា យកម៉ូតូទៅដាក់បញ្ចាំ ដើម្បីទិញថាំ្នឲ្យប្រពន្ធ។

ឆ្លងកាត់តាមការពន្យល់នូវនិយមន័យ ដែលភ្ជាប់ជាមួយនូវឧទាហរណ៍ខាងលើនេះ បញ្ជាក់ឲ្យឃើញថា បទ ឆបោក និងបទរំលោភទំនុកចិត្ត មានភាពខុសគ្នា ដោយហេតុថា បទឆបោក គឺជាអំពើរបស់ជនប្រព្រឹត្តដែលមានចេតនាទុច្ចរិតរួចជាស្រេច ក្នុងការប្រើឈ្មោះក្លែង អះអាងទៅលើឋានៈក្លែង រំលោភលើឋានៈពិតប្រាកដ ឬប្រើឧបាយកលទុច្ចរិត ដើម្បីទទួលបានមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វី ទទួលបានការផ្គត់ផ្គង់សេវា និងទទួលការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ។ ចំណែកឯ បទល្មើសរំលោភទំនុកចិត្ត គឺអំពើមួយដែលជនប្រព្រឹត្តមានចេតនាទុច្ចរិតយកនូវមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដែលខុសពីឆន្ទៈ ឬគោលបំណងរបស់បុគ្គលជាម្ចាស់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ដោយជនប្រព្រឹត្តមិនបានប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ជាកំណត់ឡើយ ដែលធ្វើឲ្យខូចប្រយោជន៍ម្ចាស់មូលនិធិ ឬ ម្ចាស់ទ្រព្យសម្បត្តិ ឬអ្នកដទៃ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លាង ប៊ុនឡេង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕