(កំពង់ធំ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន ចុះត្រូតពិនិត្យទំនិញរបស់បងប្អូនអាជីវករ ដែលដាក់លក់នៅស្ដង់តាំងពិព័រណ៍ ក្នុងផ្សារពិព័រណ៍ថៃ ដែលជាកន្លែងប្រារព្ធពិធីបុណ្យអុំទូក រកឃើញមឹក៤០គីឡូក្រាម មានផ្ទុកសារធាតុគីមី ត្រូវបានមន្ដ្រីដកហូតភ្លាមៗ យកទៅកម្ទេចចោល នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨។

ក្នុងឱកាសនោះ មន្ដ្រីជំនាញ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ​ដល់អាជីវករឲ្យជៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ​អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ​ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ​ដាក់ដាច់ដោយឡែកៗពីគ្នា។

ជាមួយគ្នានោះ លោកប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕