(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពេញចិត្តដែលមានឱកាសបម្រើប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ បើទោះបីមានភាពមមាញឹកជាមួយការងារទាំងក្នុង និងក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីនេះក៏ដោយ។

នៅលើទំព័រ Facebook នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ក្នុងសប្តាហ៍នេះបើទោះបីសម្តេចមិនបំពេញទស្សនកិច្ចនៅក្រៅប្រទេសក្តី តែមានកម្មវិធី និងការងារជាច្រើននៅក្នុងប្រទេស។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ក្នុងសប្តាហ៍ក្រោយនេះ​ ទោះបីមិនចេញទៅក្រៅប្រទេស​ ក៏ខ្ញុំមានកម្មវិធីការងារក្នុងប្រទេសពេញមួយអាទិត្យតែម្តង។ ខ្ញុំពេញចិត្តដែលមានឱកាសបានបម្រើបងប្អូននិងប្រទេសជាតិយើង។ ដោយសារសន្តិភាព​ យើងមានឱកាសប្រារព្ឋពិធីបុណ្យសាសនា​ និងបុណ្យជាតិធំៗជាច្រើនក្នុងឆ្នាំនេះ»

ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រី បានជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរបានសប្បាយរីករាយនៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ​ និងសូមឲ្យបើកបរមានសុវត្ថិភាពគ្រប់ទីកន្លែង៕