(ភ្នំពេញ)៖ ភាពយន្ដខ្នាតខ្លីចំនួន៦រឿង នឹងត្រូវជ្រើសរើសយកទៅវគ្គផ្តាច់ព្រ័ត្ត នៅថ្ងៃបើកការប្រកួតស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី២ នៅសាលមហោស្រពភាពយន្តចតុមុខ ដែលរៀបចំឡើងនៅថ្ងៃទី១០ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ចំពោះស្នាដៃភាពយន្តទាំងអស់ នឹងត្រូវឆ្លងកាត់ការពិនិត្យវាយតម្លៃ ២ដំណាក់កាលដោយគណៈកម្មការមេប្រយោគ របស់មហោស្រព។ ដំណាក់កាលទី១ គណៈមេប្រយោគ និងពិនិត្យវាយតំលៃស្នាដៃទាំងអស់ ដើម្បីយកស្នាដៃចំនួន៦ទៅចាក់បញ្ចាំងនៅសាលមហោស្រពចតុមុខ នាថ្ងៃបិទមហោស្រព ចំណែកដំណាក់កាលទី២ គណៈមេប្រយោគ និងពិនិត្យវាយតំលៃស្នាដៃ៦ស្នាដៃចុងក្រោយដើម្បីជ្រើសរើសពានរង្វាន់។
ថ្លែងក្នុងសន្និសីទសាព័ត៌មាន ស្ដីពីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី២ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋាន និងសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ឲ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំមហោស្រពភាពយន្តទី២នេះធ្វើឡើងក្នុងគោលបំណង ជំរុញលើកទឹកចិត្តដល់យុវជន ក្នុងការអភិវឌ្ឍសមត្ថភាព និងការបង្កើតគំនិតឆ្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ។
លោកបន្ដទៀតថា ចំណែកស្នាដៃដែលត្រូវយកមកប្រកួត ត្រូវផ្តោតលើខ្លឹមសារ វប្បធម៌ ការអភិវឌ្ឍន៍សង្គម និងផ្តោតលើចំណេះដឹង ឥរិយាបថ និងអប្បកិរិយា ដែលទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃ និងបទពិសោធន៍របស់យុវវ័យ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទទួលពាក្យស្នើសុំ ចូលរួមប្រកួតប្រជែង មកគណៈកម្មការរៀបចំមហោស្រព បានទទួលស្នាដៃភាពយន្តខ្នាតខ្លីសុំចូលក្រកួតប្រជែងចំនួន៤១ស្នាដៃ ដែលក្នុងនោះ១៤ស្នាដៃជាស្នាដៃ របស់សិក្ខាកាមដែលបានបណ្តុះបណ្តាលជំនាញ ដែលសហការរៀបចំដោយនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រួមជាមួយក្រុមហ៊ុន Came Together និងផលិតកម្មខ្មែរមេគង្គ៕