(ភ្នំពេញ)៖ បន្ទាប់ពីធ្វើដំណើរទស្សនកិច្ចសិក្សារយៈពីរសប្តាហ៍ នៅមហាវិទ្យាល័យភាសា និងវប្បធម៌ចិន នៃសាកលវិទ្យាល័យជីណាន ប្រតិភូនិស្សិត នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជាចំនួន ១១រូប បានត្រឡប់មវិញដោយជោគជ័យ ដោយនាំមកជាមួយនូវបទពិសោធ និងចំណេះ ដឹងមួយចំនួន លើការអភិវឌ្ឍលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ។
ក្រុមប្រតិភូនិស្សិត ក៏ទទួលបានផងដែរ នូវចំណេះដឹងផ្នែកវប្បធម៌ ប្រពៃណីទំនៀម ទំលាប់ និងប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាចិន ដែលមានតាំងពីសតវត្សរ៍ទី៣ នៃគ្រឹស្ទសករាជ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូនិស្សិត បានទៅទស្សនាអគារគ័ងចូវថៅវើរកម្ពស់ជាង៦០០ម៉ែត្រ ដែលជាអគារខ្ពស់ជាងគេលំដាប់លេខ៣លើពិភពលោក។ ទស្សនាសួនកម្សាន្ត និងថតរូបគ័ងចូវ, ទស្សនាទន្លេគុជ និងមើលភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាតនៅពេលយប់។ ទស្សនាវត្ត និងកន្លែងផលិតថូរសេរ៉ាមិចពីបុរាណ សារមន្ទីរកំពូលអ្នកក្បាច់គុនកុងហ្វូដ៏ល្បីល្វាញហ្វាងហ្វីហុង និងប្រ៊ូសលី ហៅលី ស៊ាវឡុង ស្ថិតក្នុងក្រុងហ្វូសាន។
ទស្សនាទីក្រុងលំដាប់ថ្នាក់លេខ៣ ប្រចាំប្រទេសចិន និងជាទីក្រុងបង្កើតឡើងដោយបិតាកំពែទម្រង់សេដ្ឋកិច្ច លោក តេង ស៊ាវពីង អំឡុងដើមទសវត្សរ៍ គឺក្រុងស៊ិនជិន។
ការដើរទស្សនានេះ ធ្វើឱ្យក្រុមនិស្សិតបានស្វែងយល់បន្ថែមទៀត អំពីប្រវត្តិនៃល្ខោនហ៊ីរបស់ចិន ពីទំនៀមទម្លាប់នៃការទទួលទានរបស់ជនជាតិចិន តាមតំបន់នីមួយៗ។ តំបន់ខ្លះចូលចិត្តហិរ តំបន់ខ្លះចូលចិត្តប្រៃ តំបន់ខ្លះចូលចិត្តផ្អែម ។
ថ្លែងក្នុងពិធីបិទវគ្គ លោក សៅ យី (Shao Yi) អគ្គនាយកមហាវិទ្យាល័យភាសា និងវប្បធម៌ចិនបានមានប្រសាសន៍កោតសរសើរ ដល់ក្រុមនិស្សិត ដែលទោះបីលំបាក ក្នុងការរៀន ដោយសារភាសាខុសគ្នា ក៏នៅតែតស៊ូប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យ។ លោកជឿនជាក់ថា សិក្ខាកាមទាំងអស់ នឹងនាំយកសមិទ្ធផល ដែលទទួលបានពីសិក្ខាសាលានេះ មកចែករំលែក និងផ្សព្វផ្សាយអំពីទំនាក់ទំនងជាប្រពៃណី និងដ៏ល្អរវាងកម្ពុជាចិនបន្តទៀត ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ សេង ឌីលីន តំណាងសិក្ខាកាមទាំងអស់ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន តាមរយៈ សាកលវិទ្យាល័យជីណាន ដែលបានផ្តល់ឱកាសដល់ក្រុមប្រតិភូនិស្សិត មកពីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា មកទស្សនកិច្ចសិក្សា ដោយការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ។
លោកតំណាងនិស្សិត បានសន្យាថា នឹងយកចំណេះដឹង និងបទពិសោធទាំងនេះមកចែករំលែក និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀត ។ ជាពិសេសអំពីការទំនាក់ទំនងជាប្រវត្តិសាស្រ្ត លើវិថីសូត្ររវាងកម្ពុជាចិន ដែលមានតាំងពីយូរលង់មកហើយ។
លោក ឌី លីន បញ្ជាក់ថា ជាមួយនឹងជោគជ័យ ក៏ជាគុណបំណាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ឱកាស និងភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងកម្ពុជាចិន។
គួររំលឹកថា ក្នុងឱកាសបើកសិក្ខាសាលាកាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ លោក សៅ យី (Shao yi) អគ្គនាយក នៃមហាវិទ្យាល័យ ភាសា និងវប្បធម៌ចិន លើកឡើងថា កម្ពុជា ជាប្រទេស ដែលធ្វើឱ្យគេមិនអាចបំភ្លេចហើយ លោកថា លោកមានកិត្តិយសបំផុត ដែលបានការអនុញ្ញាតពីសាកលវិទ្យាធិការ ជីណាន ឱ្យមកជួបសំណេះសំណាល ជាមួយប្រតិនិស្សិតចំនួន ១១រូប មកពីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ប្រទេសកម្ពុជា ពិសេសបានជួបទទួលសំណេះសំណាល ជាមួយ លោកបណ្ឌិតសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជាតែម្តង។
លោកបន្តថា កម្ពុជា ជាប្រទេសមួយមានប្រវត្តិសាស្រ្តយូរលង់ណាស់មកហើយ ហើយកម្ពុជាជាប្រទេស ដែលធ្វើពិភពលោកពិបាកនឹងបំភ្លេច។
លោកបញ្ជាក់ថា អ្វីដែលធ្វើឱ្យគេស្គាល់កម្ពុជា ជាងគេបំផុតនោះ គឺកម្ពុជាមានប្រាសាទអង្គរវត្ត ហើយទោះបីកម្ពុជាឆ្លងកាត់សង្រ្គាមជូរចត់ តែប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា បានអភិវឌ្ឍន៍ប្រទេសបានយ៉ាងលឿនគួរឱ្យកត់សម្គាល់។
លោកលើកឡើងទៀតថា តាំងពីលោកដឹងក្តីមក គឺលោកបានស្គាល់កម្ពុជា និងដឹងថា កម្ពុជា និងចិន មានមិត្តភាពនឹងគ្នា មិនអាចកាត់ផ្តាច់បាន ។
លោកបណ្ឌិតសាស្រ្តាចារ្យ ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានមានប្រសាសន៍ថា ប្រវត្តិសាស្ត្រ នៃទំនាក់ទំនងគ្នារវាងកម្ពុជា ចិន មានជាងមួយពាន់ឆ្នាំមកហើយ គឺតាំងពីមុនសម័យអង្គរ ឬដែលគេហៅថាសម័យហ្វូណន មកម្លេះ។
លោកបណ្ឌិត ឡាច សំរោង បន្តថា ជាថ្មីម្តងទៀតទំនាក់ទំនងកម្ពុជា ចិន ត្រូវបានតភ្ជាប់ ដោយអតីតព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ។ ជាពិសេសសម្រាប់នាពេលបច្ចុប្បន្ននេះ កម្ពុជា ចិន ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំ ដោយសម្តេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកសាស្រ្តាចារ្យបណ្ឌិត បញ្ជាក់ថា ដោយសារមានទំនាក់ទំនងល្អនេះហើយ ទើបធ្វើឱ្យមានកិច្ចសហការរវាងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា និងសាកលវិទ្យាល័យ ជីណាន និងមានដំណើរទស្សនកិច្ចសិក្សានេះ។
លោកសាកលវិទ្យាធិការលើកឡើងថា សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ពិតជាមានកិត្តិយស ដែលទទួលបាននូវការអញ្ជើញរបស់សាកលវិទ្យាល័យ ជីណាន ហើយលោកសង្ឃឹមថា សាកលវិទ្យាល័យ ជីណាន ជាពិសេសថ្នាក់ដឹកនាំ សាកលវិទ្យាល័យ នឹងផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា មកបន្តការសិក្សានៅទីនេះ កាន់តែច្រើនថែមទៀត ហើយលោកសាស្រ្តាចារ្យ បញ្ជាក់ថា សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក៏នឹងស្វាគមន៍និស្សិតចិន សម្រាប់មកទស្សនាស្វែងយល់ និងសិក្សានៅទីនេះផងដែរ ៕