(ភ្នំពេញ)៖ សាច់មាន់ ជង្គង់ ជើង ស្លាបមាន់ជាង១តោនកន្លះ ត្រូវបានយកទៅដុតកម្ទេចចោលទាំងអស់នៅបឹងជើងឯក ខណ្ឌដង្កោរ ក្រោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច រួមជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ឆែកឆេរកឃើញក្នុងរថយន្ត១គ្រឿង នៅខណ្ឌច្បារអំពៅ។
មន្ត្រីនគរបាលបានឲ្យដឹងថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផ្អែកតាមការស្រាវជ្រាវស៊េីបអង្កេតរបស់មន្ត្រីជំនាញ នាវេលាទៀបភ្លឺថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូល ចែកចាយសាច់ ជង្គុង ជេីង ស្លាបមាន់ខូចគុណភាព និងគ្មានច្បាប់ ដឹកតាមរថយន្តកូរ៉េ១គ្រឿង ម៉ាក KIA Bongo ពាក់ស្លាកលេខ 2AD-8321 នៅចំណុចខាងកេីតស្ពានច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីការត្រួតពិនិត្យរួចមក សមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែងរកឃេីញសាច់មាន់ ជង្គុងមាន់ ជេីងមាន់ និងស្លាបមាន់ខូចគុណភាពប្រមាណ១តោនកន្លះ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យកម្លាំងសមត្ថកិច្ចយកសាច់ ជង្គុង ជេីង ស្លាបមាន់ខូចគុណភាពទាំងនោះ ទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជេីងឯក និងបាននាំខ្លួនអ្នកបេីកបររថយន្តចំនួន ២នាក់ មកនាយកដ្ឋានដេីម្បីបន្តនីតិវិធី៕