(កំពង់ចាម)៖ លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាជាតិ ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងជាតំណាងរាស្ដ្រមណ្ឌល ខេត្ដកំពង់ចាម នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងវត្ដរតនរង្សី (ហៅវត្ដទួលកែវ) នៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងវត្ដភ្នំជ័យគីរី (ហៅវត្ដហាន់ជ័យ) នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សមិទ្ធផលនានា ក្នុងវត្ដរតនរង្សី (ហៅវត្ដទួលកែវ) នៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងវត្ដភ្នំជ័យគីរី (ហៅវត្ដហាន់ជ័យ) នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ទាំងពីរនេះ គឺកសាងដោយ លោកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកស្រី ឡាយ ឈុននី ដែលចំណាយអស់ទឹកប្រាក់សាងសង់សរុប ចំនួន១,៤៩៩,១៥៧ដុល្លារអាមេរិក។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងវត្ដរតនរង្សី និងវត្ដភ្នំជ័យគីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋនៅភូមិព្រែករលួស ឃុំព្រែកបាក់ យ៉ាងច្រើនកុះករ ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណវត្ដរតនរង្សី (ហៅវត្ដទួលកែវ) នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ។
ថ្លែងក្នុងពិធីនោះ លោក ហ៊ុន ណេង តំណាងរាស្ដ្រមណ្ឌល ខេត្ដកំពង់ចាម ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមផងដែរ។
លោក ហ៊ុន ណេង បានថ្លែងថា វត្ដអារាម គឺជាកន្លែងបណ្ដុះបណ្ដាល ធនធានមនុស្ស ដើម្បីឲ្យមានការយល់ដឹង ដែលក្នុងនោះ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សុទ្ធសឹងតែជាអ្នកបានបួសរៀន និងសុទ្ធសឹងតែជាអ្នកធ្លាប់ធ្វើក្មេងវត្ដ ហើយបានរៀននៅក្នុងវត្ដ។
បើតាមរបាយការណ៍ស្វាគមន៍របស់លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា នៅក្នុងស្រុកស្ទឹងត្រង់ មានវត្ដទូទាំងស្រុកចំនួន ៤១វត្ដ វត្ដឥតក្របខ័ណ្ឌ ហៅថាអាស្រម ចំនួន១០វត្ដ ព្រះសង្ឃសរុបចំនួន៥៧៥អង្គ ភិក្ខុ១២២អង្គ សាមណេរ៤៥៣អង្គ អាចារ្យវត្ដ១៩៧នាក់។
លោក ទុន ណេត បានបន្ដថា វត្ដរតនវង្សី (ហៅវត្ដទូលកែវ) ស្ថិតនៅក្នុងភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានផ្ទៃក្រឡា ៧ហិចតា ហើយវត្ដនេះ មានព្រះសង្ឃចំនួន ១៥អង្គ ភិក្ខុ២អង្គ សាមណេរ១៣អង្គ យាយជី២នាក់ តាជី២នាក់ អាចារ្យ៧នាក់ គណៈកម្មការវត្ដ៧នាក់៕