(ភ្នំពេញ)៖ លោក វង្សី វិស្សត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Ramesh Subramaniam អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាកម្រិតខ្ពស់ ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមប្រធានបទ៖ «តើបដិវត្តឧស្សាហកម្មទី៤ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អាចជំរុញការផ្លាស់ប្តូរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ដោយរបៀបណា»? កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក វង្សី វិស្សត បានថ្លែងថា ពិភពលោកកំពុងឈានចូលទៅកាន់យុគសម័យនៃបដិវត្តថ្មីមួយ ឬបដិវត្តឧស្សាហកម្មទី៤ ដែលកំពុងជះឥទ្ធិពលើដំណើការរបស់រដ្ឋាភិបាល, ដំណើការរបស់អាជីវកម្ម និងការរស់នៅរបស់មនុស្សជាតិ។ ហើយការវិវឌ្ឍយ៉ាងលឿនផ្នែកបច្ចេកវិទ្យា បាន និងកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសន្តិសុខ ដោយរាប់ចាប់តាំងពីការបើកបរដោយស្វ័យប្រវត្តិ, ដ្រូន (Drone), ពាណិជ្ជកម្មអេឡិកត្រូនិក (e-commerce), បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), រហូតដល់ការបោះពុម្ព 3D (3D Printing), និងបញ្ញានិមិត្ត (Artificial Intelligence)។ល។
លោកបានបន្តថា បដិវត្តឧស្សាហកម្មទី៤ នឹងផ្តល់ដល់តំបន់ ASEAN ទាំងមូលនូវសក្តានុពលសម្រាប់ការធ្វើសមាហរណកម្មកាន់តែខ្លាំងចូលទៅក្នុងចង្វាក់តម្លៃសាកល (Global Value Chains) និងបណ្តាញផលិតកម្ម ព្រមទាំងនឹងធ្វើការផ្លាស់ប្តូរចនាសម្ព័ន្ធសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងឧស្សាហកម្ម តាមរយៈការកាត់បន្ថយថ្លៃដើម, បង្កើនផលិតភាព និងពង្រីកវិមាត្រសេដ្ឋកិច្ចកាន់តែធំ តាមរយៈ Platforms ឌីជីថល មានដូចជា Artificial Intelligence, Big Data, ការទូទាត់ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក។ល។ ក្នុងន័យនេះ ASEAN អាចក្លាយជាទីតាំងជួរមុខនៃការផ្លាស់ប្តូរ តាមរយៈការនាំមុខមុនគេ នៃការទទួលយកបច្ចេកវិទ្យាដែលថ្មីបំផុត។ ផ្អែកតាមកាសិក្សារបស់ ADB ដែលយើងនឹងពិភាក្សាថ្ងៃនេះ មុនឆ្នាំ២០៣០ បច្ចេកវិទ្យាថ្មីៗ នៃបដិវត្តឧស្សាហកម្ម អាចបង្កើតតម្លៃសេដ្ឋកិច្ចដែលមានទំហំពី ២២០ ទៅ ៦២៥ ពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចនៃតំបន់ ASEAN។
លោកបានគូសបញ្ជាក់ថា អាស៊ានមានសក្តានុពលធំធេង ក្នុងការជំរុញសក្តានុពលកំណើនសេដ្ឋកិច្ច និងរក្សានូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ សម្រាប់តំបន់របស់យើង តាមរយៈកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធក្នុងបរិបទ នៃការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការផ្លាស់ប្តូរយ៉ាងលឿននៃការអភិវឌ្ឍបច្ចេកវិទ្យា។ ប៉ុន្តែវាទាមទារយន្តការសម្របសម្រួល និងយន្តការភាពជាដៃគូ ក្នុងចំណោមភាគីពាក់ព័ន្ធ និងស្ថាប័នទាំងអស់ និងត្រូវពង្រឹងបន្ថែមទៀតនូវការចូលរួមប្រឹងប្រែងជំរុញការវិនិយោគ និងពាណិជ្ជកម្មសេរី ជាពិសេសតាមរយៈការបំបាត់របាំងនានា ទាំងផ្នែកពន្ធ និងមិនមែនពន្ធ ដើម្បីធានាបាននូវរបបពាណិជ្ជកម្ម និងវិនិយោគមួយដែល បើកចំហ និងមានតម្លាភាព។
លើសពីនេះ ត្រូវវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន៖ ការតភ្ជាប់ Broadband និងបណ្តាញចល័ត ដើម្បីពង្រីកវិសាលភាព និងផ្តល់នូវការប្រើប្រាស់ Internet ជាសកល, យើងក៏ត្រូវលើកកម្ពស់ ការកសាងសមត្ថភាព និងការអភិវឌ្ឍជំនាញតាមរយៈ Platforms, បណ្តាញទំនាក់ទនងធុរកិច្ច, និងប្រព័ន្ធ ICT ផ្សេងទៀត ដើម្បីចែករំលែកឧត្តមានុវត្តអន្តរជាតិ ហើយយើងត្រូវការ សុខដុមនីយកម្មខាងផ្នែកវិធាននិងច្បាប់ ពីគ្រប់សមាជិក ASEAN ទាំងអស់។
លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កម្ពុជាអាចចាប់យកកាលានុវត្តភាពទាំងឡាយ ដែលកើតចេញពីបដិវត្តឧស្សាហកម្មទី៤នេះ ដោយសារកម្ពុជាមានលក្ខណៈសម្បត្តិមួយចំនួន ដូចជា៖ (១) ភាគលាភប្រជាសាស្ត្រ ពោល គឺកម្ពុជាកាន់តែសម្បូរឡើងនូវធនធានយុវជនប្រកបដោយចំណេះដឹង ហើយអាចស្រូបយកនូវបច្ចេកវិទ្យាឌីជីថលបានលឿន (២) កំណើនយ៉ាងលឿននូវការប្រើប្រាស់ទូរស័ព្ទចល័ត និងទូរស័ព្ទ Smartphone រួមជាមួយនឹងអត្រាប្រើប្រាស់ខ្ពស់ (៣) ការស្រូបយកបច្ចេកវិទ្យា ពីការវិនិយោគផ្ទាល់ពីបរទេស និង (៤) ការធ្វើឌីជីថលភាវូបនីយកម្ម យ៉ាងឆាប់រហ័យដែលកំពុងកើតឡើងនៅក្នុងគ្រប់វិស័យដែលសំខាន់ៗ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយស្របតាមនិន្នាការថ្មីនេះ ដើម្បីចាប់យកឱកាសនានា, លើកកម្ពស់វឌ្ឍនភាពបច្ចេកវិទ្យានៅក្នុងទីផ្សារធុរកិច្ច, គ្រប់គ្រងបរិយាកាសធុរកិច្ច, ក៏ដូចជាកាត់បន្ថយហានិភ័យ ជាយថាហេតុណាមួយ ដែលកើតចេញពីការអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះ តាមរយៈ៖
*ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ដើម្បីគាំទ្រការអភិវឌ្ឍឌីជីថល ដោយផ្តោតទៅលើការពង្រីកបណ្តាញចែកចាយខ្សែកាបអុបទិក ហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងនៃខ្សែកាបអុបទិក និងខ្សែកាបអុបទិកបាតសមុទ្រ ស្របជាមួយការធ្វើទំនើបភាវូបនីយកម្មនៃបណ្តាញទូរស័ព្ទចល័ត និងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ។
*ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ដើម្បីគាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាមួយនឹងប្រព័ន្ធឡូជីស្ទីកដែលកាន់ល្អ ដើម្បីដឹកជញ្ជូនទំនិញពីប្រទេសមួយទៅប្រទេសមួយទៀត និងអភិវឌ្ឍន៍ Platforms សម្រាប់ទូទាត់ហិរញ្ញវត្ថុ។
*ធ្វើបច្ចុប្បន្នភាព និងអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៍ និង ICT ដូចជាផែនការមេសម្រាប់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍, ច្បាប់ស្តីពីទូរគមនាគមន៍, និងបទបញ្ញត្តិពាក់ព័ន្ធដទៃទៀតរួមជាមួយនឹងការអភិវឌ្ឍន៍ និងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្ត និងក្របខ័ណ្ឌគតិយុត្តិ នៃវិស័យ ICT សម្រាប់រយៈពេលវែង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ឌីជីថល។
*អភិវឌ្ឍកម្មវិធីអប់រំ និងបណ្តុះបណ្តាល តាមរយៈការពង្រីកការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល និងការបញ្ចូលការយល់ដឹងស្ដីពីបច្ចេកវិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាដើម្បីធានាថាយុវជនរបស់យើង អាចទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។
*ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រដល់ការស្រាវជ្រាវ និងនវានុវត្តន៍នៅក្នុងតំបន់ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស និងជំនាញដែលស្របតាមបរិបទអភិវឌ្ឍន៍ថ្មី ក្នុងគោលបំណងកាត់បន្ថយវិសមភាពសេដ្ឋកិច្ច តាមរយៈការបង្កើនសមត្ថភាពនៃភាពជាសហគ្រិនដើម្បីបង្កើតគំរូអាជីវកម្មថ្មី, បង្កើតការងារ និងការរៀបចំទិសដៅថ្មីសម្រាប់សេដ្ឋកិច្ច នាពេលអនាគតដែលរួមបញ្ចូលវិធីសាស្រ្តថ្មីក្នុងការធ្វើពាណិជ្ជកម្ម។
ទន្ទឹមនឹងនេះដែរ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យម មូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្នុងគោលបំណងគាំទ្រការបង្កើតធុរកិច្ចថ្មី និងការលើកកម្ពស់សហគ្រិនភាព និងសហគ្រាសខ្នាតតូចនិងមធ្យម ដែលជាឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចកម្ពុជា៕