(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស និស្សិតក្រីក្រ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា កត្តាសុខសន្តិភាព ស្ថិរភាព គឺជាកត្តាកំណត់រួមជាមួយនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងផ្ដល់សេវាសុខាភិបាលដល់មូលដ្ឋាន។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់ថ្នាក់វេជ្ជបណ្ឌិតឯកទេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជូននិស្សិតសាកលវិទ្យាល័យ IU នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះសមិទ្ធផល និងជំនាញរបស់និស្សិតវេជ្ជបណ្ឌិត ដែលទើបបញ្ចប់ការសិក្សានៅថ្ងៃនេះ នឹងចូលរួមយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយ សុខមាលភាពរបស់ប្រជាពលរដ្ឋ និងជួយខ្លាំងណាស់ដល់សង្គមជាតិ ព្រោះរាជរដ្ឋាភិបាល បានផ្ដោតសំខាន់លើវិស័យ២ ចំពោះប្រជាពលរដ្ឋ គឺអប់រំនិងសុខភាព។
លោកថា និស្សិតដែលបញ្ចប់ការសិក្សានៅថ្ងៃនេះ គឺជាធនធានបន្ថែមទៀត ជាក្រុមទេវតា ដែលជួយព្យាបាលជំងឺរបស់មនុស្សលោក។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រជាពលរដ្ឋមានសុខភាពល្អ តែអត់ចំណេះដឹង អត់សមត្ថភាពក៏លំបាក ម្យ៉ាងវិញទៀតមានចំណេះដឹងច្រើន តែសុខភាពអត់ល្អក៏ទៅអត់រួចដែរ។ ដូច្នេះទាល់តែមានធនធានមនុស្សទាំងពីរនេះ ដែលធ្វើឲ្យមនុស្សមានភាពរឹងមាំ និងសមត្ថភាព ទើបអាចចូលរួមអភិវឌ្ឍន៍សង្គមជាតិកាន់តែរឹងមាំបាន។
សម្រាប់និស្សិតវេជ្ជបណ្ឌិត ដែលទើបបញ្ចប់ការសិក្សាទាំងអស់នេះ, កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបញ្ជាក់ថា «នេះគឺជាភាពជោគជ័យរបស់យើង ក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាព និងជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគត។ និស្សិតដែលចាប់យកជំនាញនៅថ្ងៃនេះ គឺកសាងអនាគត និងក្តីសង្ឃឹមរបស់ខ្លួនឯង គ្រួសារ និងប្រទេសជាតិយើង។ ហើយចាប់ពីពេលនេះសូមឲ្យនិស្សិតទាំងអស់ជោគជ័យបន្ថែមទៀត នៅក្នុងជីវិត និងការងារ»។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា សព្វថ្ងៃកម្ពុជាមានកំណើនប្រជាជន និងសុខភាពដោយសារកត្តាពីរសំខាន់ រួមមាន៖
ទី១៖ កត្តាសុខសន្តិភាព ស្ថិរភាពគឺជាកត្តាកំណត់ រួមជាមួយនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងផ្ដល់សេវាសុខាភិបាលដល់មូលដ្ឋាន។
ទី២៖ កត្តាធនធានមនុស្ស នៅក្នុងវិស័យសុខាភិបាលដែលមានប្រមាណជាង២ម៉ឺននាក់ ហើយត្រូវផ្ដល់សេវាសុខភាពដល់មនុស្សជិត១៦លាននាក់ ដែលព្យាបាលបានជោគជ័យ និងកាត់បន្ថយអត្រាមរណ៕