(សៀមរាប)៖ នៅថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តសៀមរាប បានប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ នៅស្រុកពួក ខេត្តសៀមរាប ដើម្បីរំលឹកដល់អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត, លោក តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្ត, រួមនឹងវត្តមានពីព្រះសង្ឃ អស់លោក លោកស្រី ដែលជាមន្ត្រីរាជកា អាជ្ញាធរមានសមត្ថកិច្ចកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្ស និសិ្សត យុវជន សរុបប្រមាណជាង៥០០អង្គ/នាក់។

នៅក្នុងឱកាសនេះដែរលោក ពិន ប្រាកដ បានលើកឡើងថា គណៈកម្មការយើងបានអនុវត្តការងារយ៉ាងសកម្ម និងបានទទួលលទ្ធផលល្អ ក្នុងការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ការងារត្រួតពិនិត្យយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃ តម្លើងយានយន្ដ ការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស និងការងារកែលម្អបរិក្ខាផ្លូវថ្នល់ ដើម្បីសុវត្ថិភាពចរាចរណ៍។

លោកបានបន្ថែមថា ចំណុចដែលគួរឱ្យកត់សម្គាល់ពីមន្ទីរសាធារណៈការ និងដឹកជញ្ជូន គឺខិតខំសម្រេចបានចំណុចអាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ ថែទាំ ជួសជុលផ្លូវ ស្ពាននានា ការផ្ដល់សេវាខិតទៅជិតប្រជាជន ជាពិសេសការចុះបញ្ជី និងការផ្ដល់ប័ណ្ណបើកបរយានយន្ដ ការគ្រប់គ្រងការងារដឹកជញ្ជូន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ការត្រួតពិនិត្យការដឹកជញ្ជូនទំនិញលើសកម្រិតកំណត់ទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ន វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយើងរួមមាន៖ ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ និងប្រព័ន្ធគ្រប់គ្រងមធ្យោបាយដឹកជញ្ជូននានា ក៏ត្រូវបានស្ដារ និងអភិវឌ្ឍ ដើម្បីលើកកម្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ជូនប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ។

នាឱកាសនេះដែរ គណៈអធិបតី និងក្រុមការងារនេះ បានចុះសួរសុខទុក្ខអ្នកជម្ងឺចំនួន១០នាក់ ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសម្រាកពិនិត្យព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកពួក ដោយមានការផ្ដល់ជាថវិកា និងភេសជ្ជៈជូនពួកគាត់ ផងដែរ៕