(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជំរុញឱ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត មេត្តាចូលរួមរឹតបណ្តឹង និងពង្រឹងច្បាប់ចរាចរឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ អ្នកធ្វើដំណើរលើដងផ្លូវសាធារណៈឱ្យមានប្រសិទ្ធភាពបំផុត។
ការជំរុញរបស់លោកស្រី មិថុនា ភូថង បានធ្វើឡើងនៅក្នុងឱកាសលោកស្រី រួមជាមួយមន្ត្រីក្រោមឱវាទ បានរៀបចំប្រារព្ធពិធីរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក នៅសាលាខេត្តកោះកុង ដោយមានការចូលរួម មន្ត្រីរាជការគ្រប់ស្ថាប័ន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានសុំឲ្យមន្ត្រីនគរបាលអនុវត្តន៍ច្បាប់ចរាចណ៍ផ្លូវគោក គួរតែអនុវត្តន៍នឹងពង្រឹងច្បាប់ចរាចរណ៍ ឱ្យបានជាប់ជូន ដើម្បីការពារសុវត្ថិភាពអ្នកធ្វើដំណើរ ការពារអាយុជីវិតប្រជាពលរដ្ឋ និងព្យាយាមពន្យល់ណែនាំពីច្បាប់ចរាចរណ៍ ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទពីគ្រោះថ្នាក់មកពីការមិនគោរពច្បាប់ និងទោសទណ្ឌដែលខ្លួន បានប្រព្រឹត្តឱ្យបានទូលំទូលាយផងដែរ។
ជាមួយគ្នានេះដែរ លោកស្រី បានសង្កត់ធ្ងន់ៗថា អ្នកដែលមិនសូវគោរពច្បាប់ចរាចរ បើកបរមិនពាក់មួកសុវត្ថិភាពភាគច្រើនជាសិស្សសាលា និងកម្មករ-កម្មការិនីរោងចក្រដែលបើកបរ មិនសូវបានគោរពច្បាប់នោះឡើយ។ ហេតុនេះ លោកស្រីស្នើឱ្យមន្ត្រីនគរបាលចរាចណ៍អប់រំនៅតាមសាលា គ្រឹះស្ថានសិក្សានានា និងតាមរោងចក្រ សហគ្រាសនានាឱ្យបានទូលំទូលាយ តាមអ្វីដែលអាចធ្វើទៅបាន។
លោកស្រីអភិបាលខេត្ត ក៏សូមអំពាវរនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសាធារណជនទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ត្រូវចេះយោគយល់គ្នាក្នុងពេលបើកបរ មុនបើកបរត្រូវមើលលក្ខណៈសម្បត្តិយានយន្ត ឱ្យបានត្រឹមត្រូវបើកបរមិនត្រូវប្រើប្រាស់គ្រឿងស្រវឹងឡើយ ព្រោះអាយុជីវិតសំខាន់ជាងអ្វីៗ ទាំងហើយយើងមានបញ្ហាអ្វីមួយឡើងធ្វើ ឱ្យក្រុមគ្រួសារយើងមានវិប្បដិសារីអស់មួយជីវិត (យើងនាំគ្នាគោរពច្បាប់ចរាចណ៍ ដើម្បីសុវត្តិភាពខ្លួនឯង)៕