(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ជាឃាតកលាក់មុខដែលសម្លាប់មនុស្សមិនរើសមុខ គ្រប់ពេលវេលា ដោយមិនប្រកាន់ឋានៈពូជសាសន៍ ពណ៌សម្បូរនោះទេ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាំងអស់គ្នាចំពោះករណីនេះ។
ការលើកឡើងលោក អ៊ុន ចាន់ដា បានធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៣ នៅក្នុងបរិវេណសាលាស្រុកជាំក្សាន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងសិស្សានុសិស្សជាច្រើនរូ បផងដែរ។
លោក អ៊ុន ចាន់ដា បានបន្តថា គ្រោះថ្នាក់ចរាចរណ៍តែងបណ្តាលឱ្យបាត់បង់អាយុជីវិត ការរងរបួស និងការបាត់បង់ទ្រព្យសម្បត្តិ មានចំនួនលើសលប់រយៈពេលថ្មីកន្លងមកនេះ មិនត្រឹមតែប៉ុណ្ណោះទេវាក៏បានបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងទុគត់ជនដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើគ្រប់វិសយ័។
ជាមួយគ្នានេះដែរលោកអភិបាលខេត្ត ក៏បានលើកឡើងថា ដោយធ្វើការប្រៀបធៀបថា រាល់ជម្ងឺទាំងអស់គឺយើងអាចដឹងពីសេចក្តីស្លាប់មុន តែចំពោះករណីគ្រោះថ្នាក់ចរាចរណ៍វិញ គឺយើងមិនបានដឹងពីសេចក្តីស្លាប់មុនបានទេ ព្រោះយើងដឹងហើយថាករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាជម្ងឺលាក់មុខ។ ដែលករណីនេះយើងត្រូវមានការប្រុងប្រយត្ន័ទាំងអស់គ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែង។
ទន្ទឹមនឹងនោះលោកក៏សូមធ្វើកាជំរុញឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ ឱ្យបានទូលំទូលាយ ត្រូវចុះអនុវត្តន៍ច្បាប់ចរាចរណ៍នៅតាមដងផ្លូវតទៅទៀត ជាពិសសគឺកុំយកចំណីផ្លូវទៅធ្វើអាជីវកម្មជាដាច់ខាត។
ដោយឡែកលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត បានថ្លែងថា ការប្រារព្ធពិធីនៅពេលនេះ គឺដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ជាច្រើននាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងគោលបំណងពញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យបង្កើន ការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពចរាចរណ៍តាមដងផ្លូវសាធារណៈផងដែរ។
លោកបានបន្តថា ដើម្បីឆ្លើយតបនឹងផែនការសកម្មភាពទាំង៨ចំណុច របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ មន្ទីរសាធារណៈការ និងដឹកជញ្ជូនក៏ដូចជាលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារ បានធ្វើការបើកវគ្គអប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ។
ទន្ទឹមនឹងនោះលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានចុះធ្វើការឃោសនា ចែកចាយសៀវភៅច្បាប់ ស្តីពីរចរាចរណ៍ផ្លូវគោកថ្មី ខិតប័ណ្ណផ្ទាំងរូបភាពសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋអ្នកបើកបរយានយន្តនៅតាមទីសាធារណៈសាលារៀននៅតាមក្រុងស្រុក ព្រមទាំងបានចែកជូននូវមួកសុវត្ថិភាពរហូតមកដល់ពេលនេះអស់ចំនួន៩០៥មួក តាមរយៈសំណួរ-ចម្លើយ ផងដែរ៕