(ភ្នំពេញ)៖ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០១៨ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០១៨ ក្រសួងកសិកម្មទទួលបានចំណូលពី វិស័យព្រៃឈើមានប្រហែលជិត៤លាដុល្លារអាមេរិក ដែលក្នុងនោះមានចំណូលពីសួយសារផល អនុផលព្រៃឈើសរុបចំនួនជាង១៥ពាន់លានរៀល និងជាង១១ម៉ឺនដុល្លារ។
របាយការណ៍បានបញ្ជាក់ទៀតថា នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះ ក្រសួងបានបង្ក្រាបសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានដីព្រៃខុសច្បាប់ចំនួន៨៤៦ករណី ដោយពិន័យអន្ដរការណ៍ចំនួន៤២២ករណី និងបញ្ជូនទៅតុលាការចំនួន៤២៤ករណី។
ក្នុងបទល្មើសទាំងនោះក្រសួងបានរឹបអូស ឈើមូលនិងជ្រុងចំនួន២៥០ម៉ែត្រគូប, ឈើអារចំនួន៤២១៣ម៉ែត្រគូប, គ្រាក់គ្រញូងចំនួន១០ម៉ែត្រគូប, សត្វព្រៃចម្រុះគ្រប់ប្រភេទចំនួន១៣៦៧ក្បាល និង១៥៣០គីឡូក្រាម និងអនុផលព្រៃឈើ ព្រមទាំងសំភារៈផ្សេងៗមួយចំនួនទៀត៕