(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ​និងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ​នៅផ្សារកំពង់ថ្ម ស្ថិតនៅក្នុងភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្រ្តីសាខាកាំកុងត្រូល​ខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណង​នៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានចុះពិនិត្យទំនិញម្ហូបអាហារ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ មី សសៃគុយទាវ សណ្តែកបណ្តុះ បង្អែមលតស្វិត និងនំបាញ់ឌុក ដែលអាជីវករ កំពុងដាក់តាំងលក់នៅតាមតូប តែជាលទ្ធផល គឺរកមិនឃើញ​ម្ហូបអាហារណា ដែលមានជាតិ​គីមីហាមឃាត់នោះទេ។

មន្រ្តីកាំកុងត្រូលបានអះអាងថា តាមរយៈការចុះត្រួតពិនិត្យ នៅទីផ្សារកំពង់ថ្មនេះ កម្លាំងជំនាញបានរកផលិតផលមួយចំនួនហួសកាលបរិច្ឆេទ ដូចជា ទឹកក្រូច ម៉ាក Big ចំណុះ​១,៥លីត ចំនួន៥ដប ស្ករគ្រាប់ ម៉ាក Orangg Chewy ចំនួន២១៦កញ្ចប់ នំស្រួយ ម៉ាកលីលី​ចំនួន៤កញ្ចប់ នំស្រួយ ម៉ាក Durican ទម្ងន់១២គីឡូក្រាម បានធ្វើកំណត់ហេតុដកហូត ទុកដុតកម្ទេចចោល។

ឆ្លៀតក្នុងឱកាសនោះ​​ ក្រុមកាងារក៏​បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់​ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលការបរិភោគ អាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើការណែនាំ​ដល់អាជីវករឲ្យជៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ​អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ​ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ​ដាក់ដាច់ដោយឡែកៗពីគ្នា។

មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវ​ដល់អាជីវករ អ្នកលក់ដូរទាំងអស់​ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និង​ចែកចាយ​តែទំនិញ​ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់​សុខមាលភាព អ្នកប្រើប្រាស់៕​