(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ គឺជាជោគជ័យនៃកម្លាំងការពារសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ ការអភិវឌ្ឍ និងជាជ័យជម្នះនៃលទ្ធិប្រជាធិបតេយ្យ និងការលើកកម្ពស់តម្លៃ នៃការគោរពសិទ្ធិសេរីភាពនៅកម្ពុជា។
លោកប្រធានក្រុមការងារបានគូសបញ្ជាក់ដូច្នោះ នាឱកាសចូលចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សទូទាំងស្រុកព្រៃឈរ ក្រោមអធិបតីភាព លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម នៅមន្ទីគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី នូវចំណុចសំខាន់ៗផ្អែកលើលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងឃុំទាំង១៥ នៃស្រុកព្រៃឈរ ដើម្បីវិភាគ និងពង្រឹងបន្ថែមភាពខ្លាំងដល់គណៈពង្រឹងឃុំនីមួយៗ និងបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ទ្រព្យធន ជួយឧបត្ថម្ភ គាំទ្រ និងបង្កលក្ខណៈឱ្យការបោះឆ្នោតទទួលបានជោគជ័យភ្លូកទឹកភ្លូកដី។
លើសពីនេះ លោកប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលបានផ្តល់ទំនុកចិត្ត និងបន្ថែមភារកិច្ចថ្មីជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ដើម្បីទទួលខុសត្រូវខ្ពស់ថែមទៀត ចំពោះគណបក្ស និងប្រជាជនកម្ពុជា នៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម។
ទន្ទឹមគ្នានោះដែរ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានគូសបញ្ជាក់ថា ការបោះឆ្នោតនេះ បង្ហាញឱ្យឃើញពីការអនុវត្តបានយ៉ាងល្អប្រសើរ នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជាព្រនង់សំពងទៅលើក្រុមឧទ្ទាមដែលបានប្រើយុទ្ធសាស្ត្រ «ដេកផ្ទះឈ្នះឯង, ម្រាមដៃស្អាត»។ លើសពីនេះ ក៏បង្ហាញឲ្យឃើញពីភាពជាម្ចាស់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការចាត់ចែងជោគវាសនាប្រទេសដោយខ្លូនឯង ដោយមិនព្រមឱនក្បាលចំពោះបរទេសណា ដែលព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីថ្នាក់ជាតិ និងមន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា ជុំវិញគណបក្សប្រជាជនកម្ពុជា ពោលគឺ៖ ពង្រឹង និងរក្សាសមាជិកបក្សចាស់ និងកសាងសមាជិកបក្សថ្មី ក្នុងនោះត្រូវយកចិត្តដាក់ខ្ពស់ ដល់ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ឋិភាព តម្លាភាព និងទទួលខុសត្រូវខ្ពស់ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ។
គួររំលឹកដែរថា ទៅទូទាំងស្រុកព្រៃឈរ មានចំនួន ១៣ឃុំ ហើយឃុំដែលសមាជិកគណបក្សប្រជាជនកម្ពុជា បានចូលរួមបោះឆ្នោតច្រើនជាងគេ ធៀបជាមួយសន្លឹកឆ្នោតបានការគឺ៖ ឃុំព្រៃឈរ (៨១.៧៥%) ឃុំល្វា (៨០.៩៣%) ឃុំខ្វិតធំ (៧៩.៣២%) ឃុំបារាយណ៍ (៧៨.៩៤%) និងឃុំត្រពាំងព្រះ (៧៨.៤០%)។ បើពិនិត្យមើលចំនួនសមាជិកគណបក្ស ដែលបានធ្វើបច្ចុប្បន្នភាពរួច តាមរយៈការធ្វើសៀវភៅគ្រួសារបក្ស ឃុំដែលមានសមាជិកគណបក្សបានទៅបោះឆ្នោត ១០០% មានចំនួន ៣ឃុំ គឺ៖ ឃុំមៀន ឃុំសូរ្យសែន និងឃុំត្រពាំងព្រះ។
តាមរយៈលទ្ធផលបោះឆ្នោតខាងលើ ធៀបលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ ២០១៣ ឃើញថាសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានសន្ទុះកើនឡើងជិតទ្វេដង ដែលនេះជាកម្លាំងចលករជំរុញទឹកចិត្ត ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បន្តខិតខំជួយអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងឃុំនីមួយៗថែមទៀត ដើម្បីឆ្លើយតបរាល់តម្រូវការ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា៕