(កំពង់ឆ្នាំង)៖ ម្ដាយដ៏សែនក្រកំសត់របស់ក្មេងស្រី២នាក់ បងប្អូនបង្កើត ដែលត្រូវបានឃាតករំលោភសម្លាប់យ៉ាងព្រៃផ្សៃកាលពីកន្លងទៅថ្មីៗនេះ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង គឺអ្នកស្រី អុល ធីតា អាយុ៣៤ឆ្នាំ បានបង្ហាញពីទុក្ខលំបាក នៃបាត់បង់កូនជាទីស្រលាញ់របស់ខ្លួន ពេលបានជួយផ្ទាល់ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសសម្ដេចអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋជិត២ពាន់គ្រួសារ នៅស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ។
ម្ដាយដ៏កំសត់រូបនេះ បានហូរទឹកភ្នែក អួលដើមករនិយាយអ្វីក៏មិនចេញ ដៃអោបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានធ្វើឲ្យសម្ដេចទប់ទឹកភ្នែកស្ទើរមិនបាន នឹងបានប្រាប់ទៅដល់ស្ដ្រីជាម្ដាយវិញថា ទុក្ខលំបាកពេលបាត់បង់កូន សម្ដេចយល់ច្បាស់ណាស់ តែសូមឲ្យប្អូនរឹងមាំឡើង ខិតខំកសាងជីវិតថ្មី ជាមួយគ្រួសារ ដើម្បីបង្កើតកូនចៅបន្ដទៀត ព្រោះយើងនៅវ័យក្មេងទាំងពីរនាក់។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានប្រកាសឧបត្ថម្ភផ្ទះថ្មមួយខ្នងទំហំ ៥ម៉ែត្រ គុណ៧ម៉ែត្របន្ថែមទៀត ជូនដល់ម្ដាយឪពុកកូនស្រីទាំងពីរនាក់នោះ។ សូមរម្លឹកថា កាលពីក្រោយកើតហេតុភ្លាមៗ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ព្រមទាំងបាននាំយកគ្រឿងបរិភោគ និងបច្ច័យចំនួន ២០លានរៀល ចូលបុណ្យសពកុមារទាំងពីរនាក់បងប្អូននោះផងដែរ។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ក្រុមការងារក្រុមតំណាងរាស្ដ្រ ពិសេសអាជ្ញាធរពាក់ព័ន្ធដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ឲ្យបានកម្រិតខ្ពស់បន្ថែមទៀត ត្រូវតែដឹងសុខដឹងទុក្ខចំពោះប្រជាពលរដ្ឋ។ ក្នុងនាមជាបណ្ដាញតាមភូមិ តាមឃុំ និងតាមស្រុក ត្រូវត្រៀមជាស្រេចចាំជួយសង្គ្រោះ ជាពិសេសត្រូវលុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀន ដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារ ករណីលួចប្លន់ រំលោភជាដើម។
សូមបញ្ជាក់ថា ករណីរំលោភសេពសន្ថវៈ និងសម្លាប់ក្មេងស្រី២នាក់បងប្អូនបង្កើត ដែលបានកើតឡើងនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាករណីដ៏សាហាវឃោរឃៅ និងព្រៃផ្សៃបំផុត ហើយករណីនេះបានធ្វើឡើងឲ្យកក្រើកតាមបណ្តាញសង្គម Facebook ដែលបានអាណិតអាសូរយ៉ាងខ្លាំងដល់ក្មេងស្រីរងគ្រោះ និងបានថ្កោលទោសដល់ ជនដៃដល់ ដែលបានប្រព្រឹត្តនូវទង្វើដ៏ថោកទាបមួយនេះ។
ក្មេងស្រីទាំង២នាក់ គឺឈ្មោះ អុល លក្ខណា អាយុ១៤ឆ្នាំ ត្រូវជាបង និងទី២ជាប្អូនឈ្មោះ អុល មេត្ដា អាយុ០៧ឆ្នាំ។ ពួកគេទាំង២នាក់ ត្រូវឃាតករំលោភ និងសម្លាប់ចោល ខណៈឪពុកម្ដាយមិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ។
យ៉ាងណាមិញ ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការដ៏ក្តៅគគុក ហើយឈានដល់បំបែកសំណុំរឿងមួយនេះ ដោយតាមចាប់ជនដៃដល់ ហើយត្រូវបានតុលាការចេញដីកា ដាក់ពន្ធនាគារផងដែរ៕