(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីរួមចំណែកឈានឆ្ពោះទៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យចុះមកកម្រិតទាបបំផុត។
ការលើកឡើងរបស់លោក ហាក់ សុខមករា នៅក្នុងឱកាសលោករួមជាមួយមន្ត្រីក្រោមឱវាទ អញ្ជើញប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៣ នៅស្រុកមេមត់ ដោយមានអ្នកចូលរួមជាង៥០០នាក់ ដែលរៀបចំដោយមន្ទីរសាធារណៈការ ខេត្តត្បូងឃ្មុំ និងចូលរួមឧបត្ថម្ភជាមួកសុវត្ថិភាព ដោយក្រុមហ៊ុនធានារ៉ាប់រង Forte ផងដែរ។
លោកបានបានបន្តថា ជាពិសេសត្រូវចូលរួមអនុវត្តឱ្យបានតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍» ព្រមទាំងអនុវត្តវិធានការទាំង៨ចំណុច ដោយផ្តោតសំខាន់ទៅលើពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹង កុំបើកបរ បើបើកបរ កុំពិសារគ្រឿងស្រវឹង»។
លោកបានឱ្យដឹងថាបន្តថា ស្ថានការណ៍ទូទៅនៅកម្ពុជា កាន់តែវិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ ស្ថិរភាព សន្តិសុខសង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈកាន់តែត្រូវបានធានាយ៉ាងរឹងម៉ាំ ភាពរស់នៅដោយសុខក្សេមក្សាន្ត និងជីវភាពប្រជាពលរដ្ឋ ទូទាំងប្រទេស កាន់តែល្អប្រសើរ បានធ្វើឱ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទ បានកើនឡើងយ៉ាងគំហុក នាប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងនេះគ្រោះថ្នាក់ចរាចរណ៍ ក៏ស្ថិតក្នុងកំណើនមួយគួរឱ្យព្រួយបារម្ភ ។
ក្នុងនាមអាជ្ញាធរខេត្ត លោក ហាក់ សុខមករា បានធ្វើការស្នើរគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តទាំងមូលត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានក្លាំងខ្លាបន្ថែមទៀត ដើម្បីចូលរួមអនុវត្តច្បាប់ ប្បញ្ញតិចរាចរណ៍នានា សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ពិសេសក្នុងទឹកដីខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះដែរលោក គី វីរិន ប្រធានមន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង នៅលើសកលលោក មិនថាតែប្រទេសកម្ពុជានោះទេ ស្តែងឡើងលើកត្តា៣យ៉ាងគឺ កត្តាមនុស្ស កត្តាយានជំនិះ និងកត្តាផ្លូវ។
លោកបានបន្តថា ដោយមូលហេតុនេះ ទើបថ្ងៃនេះបានប្រារព្ធទិវារអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក នេះឡើង ដើម្បីពញាក់ស្មារតី ក៏ដូចជាក្រើនរំលឹកដល់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យមានការភ្ញាក់រលឹក ផ្លាស់ប្តូរឥរិយាបថ មកគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ រួមគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ពិសេសក្នុងខេត្តត្បូងឃ្មុំតែម្តង។
នាឱកាសនោះដែរ គណៈអធិបតីបានធ្វើការចែកជូនមួកសុវត្ថិភាពប្រមាណ៣០០មួក ក្នុងនោះ២០០មួក ក្រោមការឧបត្ថម្ភ ដោយក្រុមហ៊ុនធានារ៉ាប់រង Forte និងចែកសៀវភៅច្បាប់ចរាចរណ៍ ស្លាកស្ទីកគ័រដល់អ្នកចូលរួម និងនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំ នៅលើដងផ្លូវ ទៅតាមជំនឿប្រពៃណីសាសនាផងដែរ៕