(រតនគិរី)៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានជួសជុល និងកសាងក្នុងភូមិសាស្រ្ត ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង លម្អដោយសួនច្បារ អាងបាញ់ទឹកយ៉ាងស្រស់ស្អាត ត្រូវបានរដ្ឋបាលខេត្តរតនគិរី ប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ញ៉ែម វ៉ាលី អគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យ សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាប្រធាន ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

​ពិធីនេះក៏មានការចូលរួមពីសំណាក់លោក ងៀន អាញ់ហ្សុង ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា, លោក ថង សាវុន អភិបាលខេត្តរតនគិរី, សមាជិកក្រុមប្រឹក្សាខេត្ត, គណៈប្រតិភូអញ្ជើញមកពីខេត្តយ៉ាឡាយ, មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, យាយជីតាជី យុវជន ស.ស.យ.ក, យុវជនកាកបាទក្រហម, សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជាង១០០០នាក់។​

គួរបញ្ជាក់ថា ស្តូបមិត្តភាពកម្ពុជា-វៀតណាមនេះ សាងសង់លើផ្ទៃដី១០៥ម៉ែត្រ គុណនឹង៨៥ម៉ែត្រ ដោយធ្វើការជួសជុលនិងកែលំម្អ ស្តូបទាំង២សួនច្បារ រៀបការ៉ូឡា ប្រព័ន្ធទឹកភ្លើង និងចំណាយថវិកាអស់ចំនួន ៥៤៧,៨៩៧ដុល្លារអាមេរិក៕