(ពោធិ៍សាត់)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិរំលឹកដល់ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៣ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍រៀបចំទិវានេះ ក្នុងគោលបំណង ដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ដោយការបើកបរមិនគោរពច្បាប់ តាមរយៈបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការដឹកលើសទម្ងន់កំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
របាយការណ៍បានបញ្ជាក់ថា ត្រីមាសទី៣ ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៧៤៥លើក បណ្ដាលឲ្យស្លាប់ចំនួន៣៨៣នាក់ និងរបួសចំនួន១,០២៨នាក់ អ្នកស្លាប់ភាគច្រើន នៅរាជធានីភ្នំពេញ ចំនួន៤៧នាក់ ខេត្តកំពង់ធំ ចំនួន៣៨នាក់ និងខេត្តកំពង់ស្ពឺ ចំនួន៣០៤នាក់ ចំនួនជនរងគ្រោះជាមធ្យម ក្នុងមួយថ្ងៃស្លាប់ចំនួន៤.៣នាក់ និងរបួសចំនួន១១.៤នាក់។
សូមបញ្ជាក់ថា ទិវាអន្តរជាតិរំលឹកដល់ជន រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្ត ឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ រៀបចំតាំងពីឆ្នាំ២០០៦ ហើយដែលប្រារព្ធលើកទី១ ធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៦៕