(ភ្នំពេញ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំរៀបចំសន្និបាត សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ប្រចាំឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ហួង សាន ទល់មុខស្ថានទូតអូស្រ្តាលី រាជធានីភ្នំពេញ។
សន្និបាតនេះ រៀបចំក្នុងគោលបំណងសំខាន់៣ រួមមាន ទី១៖ ដើម្បីបូកសរុប វាយតម្លៃការងារប្រចាំឆ្នាំ២០១៨ ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងលើកទិសដៅ បន្តអនុវត្តក្នុងឆ្នាំ២០១៩ខាងមុខ, ទី២៖ ដើម្បីបង្កើនទំនាក់ទំនងរវាងសហភាពសហព័ន្ធយុវជនកម្ពុជាទាំងបីខេត្ត និងទី៣៖ ដើម្បីផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍រវាងគ្នានិងគ្នា ឆ្ពោះទៅសម្រេចគោលដៅបម្រើប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិ ស្របតាមពាក្យស្លោកថា «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»
សូមជម្រាបថា សន្និបាតនេះ មានការអញ្ជើញចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងបីខេត្ត និងភ្ញៀវកិត្តិយសនានាជាង២៥០នាក់ ដែលនេះជាលើកទី២ហើយ បន្ទាប់ពីលើកទី១ បានរៀបចំនៅខេត្តព្រះសីហនុ ដើមខែធ្នូ ឆ្នាំ២០១៧៕