(ភ្នំពេញ)៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានលើកឡើងថា មន្ត្រីមានសមត្ថកិច្ច និងតុលាការ គួរតែរកវិធានការមានប្រសិទ្ធភាពបង្រ្កាបក្រុមចោរឆក់តាមដងវិថី ដែលជាបញ្ហារ៉ាំរ៉ៃមួយក្នុងរាជធានីភ្នំពេញ និងបង្កការខ្លាចរអាសម្រាប់ប្រជាពលរដ្ឋរាល់ពេលធ្វើដំណើរតាមដងវិថី។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន បានកើតមានបន្ទាប់ពីសកម្មភាពក្រុមចោរឆក់លើដងវិថីនេះ តែងតែបានកើតមានជារឿយៗនៅក្នុងរាជធានីភ្នំពេញ បង្កគ្រោះថ្នាក់ជាច្រើនដល់ប្រជាពលរដ្ឋ រួមទាំងអ្នកទេសចរបរទេសផងដែរ។ ជាពិសេសបន្ទាប់ពីមានហេតុការចោរឆក់មួយករណី ដែលកើតឡើងនៅម៉ោង ៥៖៤០នាទីទៀបភ្លឺថ្ងៃទី០៣ ខែ វុច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចមុខសាលារៀនភាសាអង់គ្លេស តាមផ្លូវ៣០២ ស្ថិតនៅភូមិ៧ សង្កាត់បេងកេងកង១ ខណ្ឌចំការមន។
ហេតុការណ៍នេះ ក្រុមចោរឆក់បានឆក់ និងធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះជាភរិយារងរបួសធ្ងន់ ហើយស្វាមីបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត។
លោក ផៃ ស៊ីផាន ថា មិនគួរបណ្តែតបណ្តោយលើបញ្ហានេះទៀតនោះទេ។ លោក ផៃ ស៊ីផាន បានលើកឡើងនៅតាមបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះ «សមត្ថកិច្ច និងតុលាការ គួរស្វែងរកវិធានប្រសិទ្ធិភាពណាមួយ បង្ក្រាបបទឧក្រិដ្ធនេះ។ មិនគួរបណ្តោយទេ»។
សូមបញ្ជាក់ថា ហេតុការណ៍ចោរឆក់នៅតាមដងវិថីនេះ ត្រូវបានគេមើលឃើញថា កើតមានក្នុងរាជធានីភ្នំពេញស្ទើរមិនលស់ថ្ងៃនោះឡើយ ហើយក៏ជាក្តីបារម្ភមួយរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញផងដែរ រាល់ពេលពួកគេធ្វើដំណើរដងវិថី។ ហេតុការណ៍ចោរឆក់លើដងវិថីនេះ ពេលខ្លះធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ហើយខ្លះទៀត ក៏ឈានដល់បាត់បង់ជីវិតក៏មាន។ សកម្មភាពរបស់ក្រុមចោរឆក់មិនមែនធ្វើតែលើប្រជាពលរដ្ឋនោះទេ ពេលខ្លះក៏បានធ្វើលើអ្នកទេសចរបរទេសផងដែរ។
សកម្មភាពលើជនបរទេសនេះ ត្រូវបានគេបង្ហាញក្តីបារម្ភថាជារឿងដែលនាំប៉ះពាល់ដល់ទឹកចិត្តអ្នកទេសចរបរទេសខ្លាចរអាលែងហ៊ានមកលេងក្នុងរាជធានីភ្នំពេញថែមទៀតផង។
បើទោះបីជាយ៉ាងណាកន្លងមក គេក៏សង្កេតឃើញសមត្ថកិច្ចបានបង្ក្រាបជារឿយៗលើក្រុមចោរឆក់មានវ័យក្មេងៗទាំងនោះផងដែរ។ តែក៏មានសេចក្តីរាយការណ៍ដែរថា ក្រុមចោរឆក់ទាំងនោះខ្លះ គឺជាមុខសញ្ញាដដែលៗ ដែលសមត្ថកិច្ចធ្លាប់ចាប់ និងបង្រ្កាប២-៣លើកទៅហើយ៕