(បាត់ដំបង)៖ លោក អ៊ុក រស្មី មន្រ្តីកម្មវិធីជាន់ខ្ពស់ទីភ្នាក់ងារ JICA នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហការដឹកនាំក្រុមនិស្សិត សាកលវិទ្យាល័យបាត់ដំបង UBB ចំនួន៣២នាក់ ដើម្បីចុះទស្សនកិច្ចសិក្សាគម្រោងកែលម្អអភិវឌ្ឍន៍ កំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ដល់ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យនិស្សិតបានស្វែងយល់ពីមូលដ្ឋាន គ្រឹះលើវិស័យផ្លូវថ្នល់ស្ពាន។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សុខ សុង តំណាងសាកលវិទ្យាល័យបាត់ដំបង, លោក Tekken តំណាងក្រុមហ៊ុនសាងសង់ផ្លូវ។
លោក អ៊ុក រស្មី បានឲ្យដឹងថា ការចុះធ្វើកម្មសិក្សានេះ បានធ្វើឡើងដោយមានកិច្ចសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ក្នុងគោងបំណងសំខាន់ៗ មានដូចជាទី១៖ ដើម្បីឲ្យនិស្សិតទាំងអស់ស្វែងយល់ពីទិដ្ឋភាពទូទៅ របស់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ JICA, ទី២៖ ដើម្បីឲ្យនិស្សិតយល់ដឹងពីកិច្ចសហប្រតិបត្តិការរបស់ JICA លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើគម្រោងកែលម្អលើកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅក្រុងសេរីសោភ័ណ និងទី៣៖ ដើម្បីរិតចំណងសាមគ្គីភាព បង្កើតទំនាក់ទំនងល្អរវាង JICA និងសាកលវិទ្យាល័យបាត់ដំបង។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោក ឈឹម ផល្លា តំណាងក្រុមហ៊ុនសាងសង់ បានធ្វើបទបង្ហាញការសាងសង់ផ្លូវជាតិលេខ៥ នៅទីស្នាក់ការការដ្ឋានក្រុមហ៊ុន ដើម្បីជម្រាបជូនដល់ប្អូនៗនិស្សិតទាំងអស់គ្នា បានយល់ពីគោលបំណង នៃការសាងសង់ និងបច្ចេកទេសផងដែរ។
លោកបានបញ្ជាក់ថា ផ្លូវជាតិហាយវ៉េ មួយខ្សែនេះ បន្ទាប់ពីក្រុមសិក្សាគម្រោងបានធ្វើរួចរាល់មករាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រុមហ៊ុនជប៉ុន JICA ជាអ្នកទទួលសាងសង់ ក្នុងគម្រោងប្រាក់កម្ចីសម្បទានពីប្រទេសជប៉ុន ហើយចាប់សាងសង់ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃបញ្ចប់រួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២០ រួចប្រគល់ដាក់ឲ្យដំណើរការនាពេលខាងមុខនេះ។
លោកបានបន្តថា ផ្លូវដែលកំពុងសា់ងសង់នេះ គឺមានទទឹង៦០ម៉ែត្រ ពីផ្លូវ២គន្លង ទៅផ្លូវ៤គន្លង «២ទៅ ២មក» និងមានទ្រូងផ្លូវចំកណ្តាលលម្អ ដោយដាំដើមឈើរៀបសួនផ្កាទៀតផង។
និស្សិតទាំង៣២នាក់បានចុះទៅទស្សនកិច្ចសិក្សា បាននិយាយថា នេះជាលើកទីមួយហើយ បន្ទាប់ពីរៀនទ្រឹស្តីដែលពួកគេបានចុះមកមើលដល់ការដ្ឋានផ្ទាល់ ដូចជាកន្លែនចាក់ដី និងកិនថ្មធ្វើផ្លូវ កន្លែងធ្វើស្ពាន និងដាក់លូវធំៗ ធ្វើឲ្យពួកគេដូចបានចុះមកអនុវត្តជាក់ស្តែងដែរ និងយកបទពិសោធន៍នេះ មកស្វែងយល់បន្ថែមទៀត នៅក្នុងថ្នាក់រៀន ព្រមទាំងយកមកធ្វើការចែកចាយដល់ និស្សិត ជាសិស្សប្អូនជំនាន់ក្រោយបានយល់កាន់តែច្បាស់ នូវមុខជំនាញសំណង់ស៊ីវិលមួយនេះ ហើយពេលរៀនចប់យកចំណេះដឹងទាំងនេះ ទៅបម្រើសង្គមចូលរួមអភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនប្រសើឡើងតទៅ៕