(ភ្នំពេញ)៖ ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសដៃគូសហការក្នុងតំបន់អាស៊ាន បានវាយតម្លៃខ្ពស់ និងទទួលស្គាល់ថា កម្ពុជាជាប្រទេសមួយ ដែលទទួលបានជោគជ័យយ៉ាងធំធេង ក្នុងគ្រប់គ្រងអាវុធ និងប្រឆាំងការជួញដូរអាវុធឆ្លងដែនខុសច្បាប់ ហើយឲ្យត្រៀមលក្ខណៈ ដើម្បីចែករំលែកបទពិសោធន៍នេះ ទៅកាន់ប្រទេសដទៃ។
នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បន្ទាប់ពីដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញ ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ាន លើកទី១២ ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន នៅទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា ដែលនាយឧត្តមសេនីយ៍ ត្រូវបានចាត់ឲ្យចូលរួមជាតំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសអាស៊ាន ក៏ដូចជាប្រទេសក្នុងតំបន់ និងតំណាងប្រទេសដៃគូសហការក្នុងតំបន់អាស៊ាន បានវាយតម្លៃខ្ពស់ថា កម្ពុជាបានទទួលជោគជ័យយ៉ាងធំធេង នៅក្នុងវិស័យគ្រប់គ្រងអាវុធ ជាពិសេសគឺគោលនយោបាយនៃការប្រមូល និងកម្ទេចអាវុធដែលកន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្វើទៅបានដោយជោគជ័យ»។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានអះអាងទៀតថា ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ានលើកទី១២នេះ អង្គប្រជុំទាំងមូល ក៏បានប្រគល់ភារកិច្ចជូនកម្ពុជា ដែលជាប្រទេសនាំមុខគេមួយ ក្នុងការត្រៀមរៀបចំឯកសារ ក៏ដូចជាផែនការសកម្មភាពទាក់ទង ជាមួយការប្រយុទ្ធប្រឆាំងការជួញដូរអាវុធឆ្លងដែនខុសច្បាប់ ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យនេះ ទៅកាន់បណ្ដាប្រទេសដទៃផ្សេងទៀត។
ដោយយល់ឃើញអំពីបទពិសោធន៍ ក៏ដូចជាអ្វីដែលកម្ពុជាសម្រេចបានដោយជោគជ័យ ក្នុងការអំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ កាន់កាប់អាវុធ ដោយខុសច្បាប់ប្រមូលដើម្បីកម្ទេចចោលនោះ ទើបបណ្ដាលប្រទេសអាស៊ានបានផ្ដួចផ្ដើមគំនិតនេះឡើង ដោយកំណត់ថា ប្រទេសកម្ពុជា ជាប្រទេសមួយនាំមុខលើវិស័យសន្ដិសុខ ដែលផ្ដោតការយកចិត្តទុកដាក់លើការគ្រប់គ្រង ការចរាចរខុសច្បាប់ ការមានកម្មសិទ្ធិខុសច្បាប់ ស្ដីអំពីអាវុធនេះ។ នេះបើតាមការគូសបញ្ជាក់ពី នាយឧត្តមសេនីយ៍ មៀច សុផាន់ណា។
នាយឧត្តមសេនីយ៍ ក៏បានបន្ថែមផងដែរថា កម្ពុជានឹងត្រូវចូលរួមចំណែកធ្វើវិភាគទានទៅដល់ប្រទេសសមាជិកផ្សេងៗ ក៏ដូចជាប្រទេសជាដៃគូ ដែលវិភាគទាននោះគឺ ចែកចាយនូវចំណេះដឹង ចូលរួមត្រៀមឯកសារ ចូលរួមបង្កើតបែបបទ ចូលរួមស្នើច្បាប់ (អនុសញ្ញា) របស់អាស៊ាន ស្ដីពីការគ្រប់គ្រង ការចរាចរអាវុធ ការប្រឆាំងជាមួយការជួញដូរអាវុធឆ្លងដែនខុសច្បាប់ជាដើម។
ក្នុងនាមជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានជម្រាបជូនអង្គប្រជុំផងដែរថា នៅក្នុងពេលឆាប់ៗខាងមុខនេះ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះដែលសហការជាមួយ ប្រទេសបារាំង ដើម្បីបង្កើតកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី ប្រទេសអនុតំបន់មេគង្គ ធ្វើសន្និសីទថ្នាក់តំបន់ ស្ដីអំពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព៕