(កំពង់ឆ្នាំង)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ចំនួន១,៦៣៦គ្រួសារ ដែលមកពីចំនួន៧១ភូមិ ១១ឃុំ និងមកពីស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង។
ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅភូមិស្រែសាន ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងសំណេះសំណាលសួរសុខទុក្ខ និងសម្ដែងការនឹករលឹក ស្រលាញ់ និងក្ដីបារម្មណ៍ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ និងបានថ្លែងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យត្រូវយកចិត្ដទុក្ខដាក់ខ្ពស់ចំពោះបញ្ហាសុខភាព ពិសាទឹកដាំពុះ សម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតជានិច្ច ដើម្បីធានាបាននូវការរស់នៅប្រកបដោយអនាម័យ ពិសេស សូមបងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង ពេលបើកបរគ្រប់ពេលធ្វើដំណើរ។
លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានក្រើនរំលឹកដល់ឪពុក ម្ដាយ អាណាព្យាបាលទាំងអស់ ត្រូវតែពិនិត្យ និងណែនាំឲ្យបានគ្រប់ជ្រុងជ្រោយដល់កូនៗ នៅពេលចេញទៅសិក្សា ព្រោះថាសម័យនេះយុវជន យុវតីងាយនឹងភ្លើតភ្លើនជាមួយសម្ភារនិយម ហើយត្រូវតែកាត់បន្ថយ កុំឲ្យកូនប្រើប្រាស់នូវទូរស័ព្ទទំនើបច្រើនពេក ពិសេសការប្រើប្រាស់បណ្ដាសង្គម Facebook និងមើលរឿងមួយចំនួននៅក្នុង Youtube ដែលជះផល់មិនមិនល្អ និងអាចឈានទៅប្រព្រឹត្ដទង្វើមិនគប្បី ហើយមួយចំណែកទៀត ធ្វើឲ្យក្មេងៗភ្លេចការសិក្សាផងដែរ ។
បន្ថែមពីនេះ សម្ដេចប្រធានកាកបាទក្រហម ក៏បានគូសបញ្ជាក់អំពីករណីអំពើហិង្សាក្នុងគ្រួសារផងដែរ ដែលអាចបណ្ដាលមកពីការលេងល្បែងស៊ីសង និងផឹកសុរា ដែលចំណុចនេះ សម្ដេចណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ត្រូវតែចូលរួមទប់ស្កាត់ឲ្យបានទាំងអស់គ្នា ព្រោះបើសង្គមល្អ ប្រជាពលរដ្ឋមិនល្អ ក៏អាចនាំឲ្យអន្ដរាយដូចគ្នាផងដែរ ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណ ដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្ដទុកដាក់ខ្ពស់ លើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែផ្ដាំផ្ញើនូវអនុសាសន៍សំខាន់ៗជាច្រើន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើង បានយល់ដឹងបន្ថែមនូវការការពារ ថែរក្សា សុខភាព និងសុវត្ថិភាព ពិសេស នៅថ្ងៃនេះ បាននាំយកនូវអំណោយមនុស្សធម៌ ជាស្បៀង និងសម្ភារ ដោយផ្ទាល់ផងដែរ ។
សូមបញ្ជាក់ថា ក្នុងគ្រួសារនីមួយៗទទួលអំណោយជាសម្ភារ ស្បៀងអាហារ ដូចជា៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម និងទទួលបាន ក្រណាត់ស ១ដុំ ថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា៕