(ភ្នំពេញ)៖ លោក ចាង ឈុនហ្ស៊ាន (Zhang Chunxian) អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានបញ្ជាក់យ៉ាងច្បាស់ថា បើទោះបីជាបណ្តាប្រទេសលោកខាងលិចមួយចំនួន បានសម្តែងមតិពីនេះពីនោះ ស្តីពីកម្ពុជាក៏ដោយ ប៉ុន្តែប្រជាជនចិនជាង១ពាន់លាននាក់ គឺស្គាល់ឈ្មោះច្បាស់ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសកម្ពុជា តម្រង់ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឥតឈប់ឈរ។
ការបញ្ជាក់របស់លោក ចាង ឈុនហ្ស៊ាន ធ្វើឡើងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក Zhang Chunxian បានថ្លែងថា នេះគឺជាលើកទី៣ហើយ ដែលលោកបានមកទស្សនៈកិច្ចនៅកម្ពុជា ហើយបានកត់សម្គាល់ឃើញថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ មានការរីកចម្រើនខ្លាំង លើគ្រប់វិស័យ ប្រជាជនរស់នៅប្រកបដោយសេរីភាព និងសន្តិភាព។ លោកក៏បានកោតសរសើ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោដែលបានដឹកនាំប្រទេស ឲ្យមានការរីកចម្រើន ដូចពេលបច្ចុប្បន្ននេះ។
លោកបានបញ្ជាក់ថែមទៀតថា ទំនាក់ទំនងកម្ពុជា-ចិន បានឆ្លងកាត់ឧបសគ្គច្រើន និងគ្រប់បែបយ៉ាង ធ្វើឲ្យប្រទេសទាំងពីរ ស្គាល់ចិត្តគ្នា ក្លាយជាមិត្តដែកថែប ហើយទាំងថ្នាក់ដឹកនាំ និងប្រជាជនចិន តែងតែកោតសរសើ និងដឹងគុណ ចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ភ្ជាប់គោលនយោបាយចិនតែមួយ គាំទ្រគ្នាទៅវិញទៅមក ទាំងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីការរីកចម្រើន រួមចំណែកដល់សុខសន្តិភាព នៅក្នុងតំបន់និងពិភពលោកទាំងមូល។
លោកបន្តថា «ចិនគឺតែងតែគោរពគាំទ្រកម្ពុជា ដើរតាមគោលនយោបាយសមស្របរបស់ខ្លួន ឥតមានលក្ខខណ្ឌទេ តាមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់កម្ពុជា»។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអរគុណចំពោះអ្វី ដែលលោក Zhang Chunxian បានលើកឡើងពីទំនាក់ទំនងកម្ពុជា-ចិន ដែលភាគីចិនចាត់ទុកកម្ពុជា គឺជាមិត្តដែកថែប ដែលមិនអាចបំណែកបំបាក់បាន។
សម្តេចតេជោក៏បានសម្តែងនូវមោទនភាព ក្នុងនាមសម្តេចតេជោផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែក ក្នុងការកសាងទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំ និងទូលំទូលាយ។
សម្តេចតេជោក៏បានមានប្រសាសន៍ លើកឡើងពីជំនួយឧបត្ថម្ភរបស់ចិនជាបន្តបន្ទាប់, ដែលចិនមកជួយកម្ពុជា គិតចាប់តាំងពីជំនួយឥតសំណង់ សមប្បទាន ពីការឧបត្ថម្ភផ្សេងៗ ទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺកម្ពុជាមិនអាចកសាងប្រទេស និងហេដ្ឋារចនាសម្ព័ន្ធបាននោះទេ បើគ្មានជំនួយពីចិន។ សម្តេចបន្តថា ក្រៅពីនោះ ចិនក៏បានជួយក្នុងការធ្វើឯករាជ្យភាពផ្នែកនយបាយ ដោយមានខ្នងបង្អែកពីចិន ទើបកម្ពុជាអាចរឹងមាំបាន។
សម្តេចក៏បានជម្រាបជូន អំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែរថា នៅក្នុងឆ្នាំ២០១៨នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានក្នុងរង្វង់៧.៣ភាគរយ ដែលជាកំណើនខ្ពស់បំផុត នៅក្នុងតំបន់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០១៩ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជា ក៏នឹងមានលើសពី៧ភាគរយផងដែរ បើទោះបីជាមានការគម្រាមកំហែង ដកប្រព័ន្ធអនុគ្រោះពន្ធសហភាពអឺរ៉ុប (EBA) ក៏ដោយ។
ពាក់ព័ន្ធនឹងចំណុចនេះ, លោក Zhang Chunxian បានបញ្ជាក់ថា ទីផ្សារចិនធំណាស់ ដូច្នេះហើយ លោកនឹងប្រាប់ទៅកាន់រដ្ឋមន្ត្រីពាណិជ្ជកម្ម និងថ្នាក់ដឹកនាំចិន ឲ្យខិតខំជួយពង្រីកទីផ្សារចិន សម្រាប់ទំនិញកម្ពុជា។ ក្រៅពីនោះ លោក បានជម្រាបជូនសម្តេចតេជោដែរថា កម្ពុជាគួរតែរកទីផ្សារបន្ថែមទៀត ដូចជាទីផ្សារជប៉ុន ទីផ្សាររុស្ស៊ី ព្រោះថាទំនិញ និងផលិតផលកសិកម្មកម្ពុជា គឺមានគុណភាពខ្ពស់៕