(ចិន)៖ កាលពីសប្តាហ៍មុន ធនាគារចិន និងធនាគារវៀតណាម ដែលមានទីតាំងនៅជិតព្រំដែន បានដោះដូរប្រាក់ជាតិរបស់ខ្លួន ទៅវិញទៅមក ជាលើកដំបូង។
ប្រាក់យ័ន របស់ប្រទេសចិន និងប្រាក់ ដុង របស់វៀតណាម មានគេយកទៅប្រើប្រាស់នៅប៉ែកទាំងសងខាងនៃព្រំដែន ដើម្បីជួយសម្រួលដល់ការធ្វើជំនួញ និងសហប្រតិបត្តិការផ្សេងៗ។ ហើយពិធីមួយដែលបានធ្វើឡើងកាលពីសប្តាហ៍មុន មានគោលបំណងគូសបញ្ជាក់ឱ្យឃើញ អំពីចំណងទំនាក់ទំនងដ៏ស្អិតរមួត រវាងប្រជាជននៃប្រទេសទាំងពីរ នៅតាមតំបន់ព្រំដែននេះ។
ធនាគារ គួយលីន (Guilin Bank) បានបញ្ជូនឡានដឹកប្រាក់ដើម្បីដឹកប្រាក់យ័នរបស់ចិន ដែលមានតម្លៃស្មើនឹង២៧០,០០០ដុល្លារអាមេរិក ទៅកាន់ប្រទេសវៀតណាម។ ធនាគារនេះ ក៏បានទទួលប្រាក់ដុងរបស់វៀតណាមមកវិញ ក្នុងតម្លៃស្មើនឹង១៦០,០០០ដុល្លារអាមេរិក ពីទីក្រុង ម៉ុង ឆាយ ចូលមកប្រទេសចិនវិញ។
លោក ចឹង ហ្វឹងហ្វ៉ាន អ្នកគ្រប់គ្រងធនាគារ គួយលីន សាខាក្រុងតុងស៊ីង និយាយថា «នៅពេលដែលអ្នកទេសចរចិន មានគម្រោងចង់មកដើរកំសាន្ត នៅប្រទេសវៀតណាម ហើយចង់ដូរយកប្រាក់ដុងរបស់វៀតណាមជាមុន ធនាគារនៅព្រំដែន ដែលស្ថិតនៅប៉ែកប្រទេសចិន អាចផ្តល់ប្រាក់ដុងជូនដល់ពួកគាត់បាន។ ហើយដូចគ្នានេះដែរ នៅពេលដែលអ្នកទេសចរវៀតណាម ចង់មកកំសាន្តឬមកធ្វើធុរៈនៅប្រទេសចិន ពួកគាត់អាចប្តូរយកប្រាក់យ័នជាមុនបាន ពីធនាគារវៀតណាម»។
បើយោងតាមលោក តឹង ហាយសាង ដែលជាប្រធានផ្នែកការងារហិរញ្ញវត្ថុនៃសាលាក្រុងហ្វាងឆឹងកាង ការរៀបចំថ្មីនេះ នឹងជួយមិនត្រឹមតែផ្នែកពាណិជ្ជកម្មរវាងចិន និងវៀតណាមប៉ុណ្ណោះទេ តែវាក៏ជាការបោះជំហានដ៏សំខាន់មួយ ដើម្បីធ្វើឱ្យប្រាក់យ័ន ក្លាយជារូបិយប័ណ្ណអន្តរជាតិផងដែរ។
លោក តឹង ហាយសាង និយាយថា «ការដោះដូរគ្នាទៅវិញទៅមករវាងប្រាក់យ័នរបស់ចិន និងប្រាក់ដុងរបស់វៀតណាម គូសបញ្ជាក់ឱ្យឃើញថា យើងអាចសម្រួល និងបំពេញភាពខ្វះខាត ដែលមាននៅក្នុងលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ស្របពេលនេះដែរ នៅជំហានបន្ទាប់ គេអាចសម្រួលឱ្យប្រាក់យ័នរបស់ចិន ក្លាយជារូបិយប័ណ្ណសកល សម្រាប់វិស័យវិនិយោគ ព្រមទាំងធ្វើឱ្យការបង្កើតគណនី និងការវិនិយោគជាប្រាក់យ័ន អាចប្រព្រឹត្តទៅបាននៅក្នុងប្រទេសវៀតណាម ព្រមទាំងនៅបណ្តាប្រទេសផ្សេងៗទៀត ក៏ដូចជានៅតាមបណ្តាប្រទេសដែលជាសមាជិកអាស៊ានផងដែរ»៕ (សារព័ត៌មាន CCTV របស់ចិន)