(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្តព្រះវិហារ តាមរយៈអង្គភាព Fresh News នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់អ្នកប្រើប្រាស់រថយន្ដណា ដែលផុតកំណត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ត្រូវយករថយន្ដនោះមកឆៀកឲ្យបានទាំងអស់គ្នា ព្រោះការឆៀករថយន្ដប្រៀបបានដូចមនុស្សទៅពិនិត្យសុខភាពអញ្ចឹងដែរ។
លោកប្រធានមន្ទីរសាធារណការ បានឲ្យដឹងទៀតថា យានយន្តជាច្រើនគ្រឿងដែលធ្វើចរាចរណ៍នៅតាមដងផ្លូវ ត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការឃាត់ ឬផាកពិន័យ ដោយសារការផុត កំណត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលជាហេតុធ្វើឲ្យខាតបង់នូវពេលវេលា ប្រាក់កាសផ្សេងៗ លើសពីនេះ គឺបណ្តាលឲ្យកើតមាននូវករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
បើតាមលោក សំ លាងទ្រី ករណីនេះ សូមប្រជាពលរដ្ឋនៅខេត្តព្រះវិហារ មេត្តាយករថយន្តរបស់ខ្លួន មកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រៀងរាល់ម៉ោងធ្វើការ ដោយមានក្រុមការងារឆៀក នៃមន្ទីរសាធារណការខេត្តព្រះវិហារ នៅរង់ចាំផ្តល់សេវាជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស និងទៅតាមតម្លៃដែលបានកំណត់ត្រឹមត្រូវ នៅលើតារាងដែលបានបិទភ្ជាប់ជាមួយ។
លោកប្រធានមន្ទីរសង្កត់ធ្ងន់ថា ការយករថយន្តមកត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេស ប្រៀបបាននិងមនុស្សយើងទៅឲ្យគ្រូពេទ្យពិនិត្យសុខភាពដែរ ព្រោះយើងម្នាក់ៗ មិនដឹងខ្លួនមុនថា យើងឈឺជំងឺអីនោះទេ ប៉ុន្តែពេលដែលយើងទៅពិនិត្យសុខភាព គ្រូពេទ្យ និងចេញលទ្ធផលពីអាការរោគ របស់យើងពិតប្រាកដ ពេលនោះដែលត្រូវលេបថ្នាំឲ្យបានទៀងទាត់ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ នោះពិតជាអាចការពារបានពីជំងឺផ្សេងៗ។
ចំណែករថយន្តក៏ដូច្នេះដែរ យើងមិនដឹងថារថយន្តខូចអីឲ្យពិតប្រាកដនោះទេ ប៉ុន្តែពេលដែលយករថយន្តទៅត្រួតមើលលក្ខណៈបច្ចេកទេស ពេលនោះទើបប្រាកដជាដឹងថា រថយន្តខូចអីមិនខាន ហើយយើងធ្វើការតាមការណែនាំរបស់មន្ត្រីបច្ចេកទេស នោះពិតជាមិនជួបគ្រោះថ្នាក់ចរាចរណ៍ ដោយយានយន្ត និងខាតបង់ពេលវេលាប្រាក់កាសឡើយ៕