(ព្រះវិហារ)៖ ទំនិញជាច្រើនមុខ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ ដុតកម្ទេចចោល ក្រោយត្រួតពិនិត្យរកឃើញក្នុងផ្សារជាំក្សាន្ត ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ថ្ងៃនេះមន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារជាំក្សាន្ត ខេត្តព្រះវិហារ។
លោកប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានបន្តថា នៅក្នុងការត្រួតពិនិត្យក្នុងឱកាសនោះ ក្រុមការងារបានធ្វើការដកហូតទំនិញជាច្រើនមុខដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកដោះគោជូចំណុះ៨.២៧លីត្រ, ទឹកត្រីចំរុះចំណុះ១២.៧៥លីត្រ, ទឹកស៊ីរូចំណុះ២.១៣លីត្រ, ទឹកក្រូចចំរុះចំណុះ៧.៨លីត្រ, មីម៉ាម៉ាតម្ងន់០.៣៦គីឡូក្រាម នំចំរុះទម្ងន់០.៧៧គីឡូក្រាម និងប៊រ័តម្ងន់.៩២គីឡូក្រាមផងដែរ។ លោកបន្តទៀតថា ទំនិញទាំងនោះត្រូវបានក្រុមការងារប្រមូលយកទៅដុតកំទេចចោលផងដែរ។
ជាមួយគ្នានោះ លោក ដួង មុនី ក៏បានអប់រំដល់បងប្អូនអាជីវករ មុននិងទិញទំនិញផ្សេងៗ យកមកតាំងលក់ សូមត្រួតពិនិត្យមើលកាលបរិច្ឆេទឲ្យបានច្បាស់លាស់ ជៀសវាងទិញទំនិញណា ដែលជិតផុតសុពលភាព បានន័យថា ជិតផុតដឺឡេ លុះយើងទិញយកមកលក់ ទម្រាំលក់ដាច់ត្រូវប្រើរយះពេលយូរ ដូច្នេះហើយទើបធ្វើអោយទំនិញនោះខូចគុណភាព ពេលដែលបងប្អូន ប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូច្នេះបញ្ហាសុពលភាពរបស់ទំនិញនិមួយៗ មានសារសំខាន់ណាស់ ដែលតម្រូវឲ្យអ្នកលក់ និងអ្នកទិញត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ទាំងអស់គ្នា៕