(សៀមរាប)៖ ស្របពេលដែលរមណីយដ្ឋានអង្គរ កំពុងតែទទួលបានកំណើនទេសចរជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិអប្សរា ក៏បានគិតគូរដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងលំហូរចរាចរណ៍ ឲ្យបានល្អប្រសើរផងដែរ ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ ការពារនូវតម្លៃលេចធ្លោររបស់រមណីយដ្ឋានអង្គរ ព្រមទាំងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានកូរ៉េសម្រាប់វិស្វកម្មសំណង់ និងបច្ចេកវិទ្យា (KICT= Korea Institute of Civil Engineering and Building Technology) នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងលោក Junhwa Jung អនុប្រធាននៃវិទ្យាស្ថាន KICT។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅកាន់សាធារណរដ្ឋកូរ៉េកាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ។ គោលបំណងចម្បងនៃអនុស្សរណៈនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សារួមគ្នាអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងចរាចរណ៍ ក្នុងរមណីយដ្ឋានអង្គរឲ្យបានល្អប្រសើរ ក្នុងន័យត្រៀមខ្លួនសម្រាប់កំណើនទេសចរជារៀងរាល់ឆ្នាំ។
លោក Junhwa Jung បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរា លើការងាររៀបចំចរាចរក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ KICT ធ្លាប់បានរៀបចំដោយជោគជ័យនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងលំហូរចរាចរណ៍ក្នុងប្រទេសកូរ៉េ ក៏ដូចជាបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។
លោក សុខ សង្វារ បានថ្លែងអំណរគុណចំពោះវិទ្យាស្ថាន KICT ដែលបានគាំទ្រចំពោះកិច្ចការអភិរក្ស និងអភិវឌ្ឍក្នុងរមណីយដ្ឋានអង្គរ តាមរយៈកិច្ចសហការដែលឈានមកដល់ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ។ លោកបញ្ជាក់ថា អនុស្សរណៈនេះ គឺជាលទ្ធផលមួយយ៉ាងល្អ ក្រោយពីក្រុមទាំងពីរបានធ្វើការជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំកន្លងមក។
លោកសង្ឃឹមថា កិច្ចសហការរវាងស្ថាប័នទាំងពីរនឹងកាន់តែរឹងមាំថែមទៀត និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ នាពេលឆាប់ៗខាងមុខនេះ ជាពិសេសការរៀបចំលំហូរចរាចរណ៍ក្នុងតំបន់អង្គរបានល្អប្រសើរ ដែលអាចកាត់បន្ថយនូវផលប៉ះពាល់ទាំងផ្នែកបរិស្ថាន និងបេតិកភណ្ឌក្នុងតំបន់អង្គរ៕