(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ផ្លូវថ្នល់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នឹងត្រូវធ្វើការជួសជុលឡើងវិញទាំងអស់ ចាប់ពីចុងឆ្នាំ២០១៨ ខាងមុននេះតទៅ។
ការថ្លែងបែបនេះរបស់លោកស្រីរដ្ឋមន្ត្រី ធ្វើឡើងក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ដែលធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី៣០ ខែតុលា កន្លងទៅ។
ការលើកឡើងរបស់លោកស្រីរដ្ឋមន្រ្តី គោលបំណងសំខាន់នៃការរៀបចំជួសជុលផ្លូវទាំងអស់ របស់អាជ្ញាធរជាតិអប្សរាឡើងវិញ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលមានការកើនឡើងយ៉ាងឆាប់រហ័ស មកកាន់ខេត្តសៀមរាប។
គួររឭកថា ផ្លូវប្រៀបដូចសរសៃឈាមរបស់ប្រទេសជាតិ។ នារយៈពេលចុងក្រោយនេះ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល និងកែលម្អប្រព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងរមណីយដ្ឋានអង្គរ បំណងដើម្បីលើកសោភ័ណភាព និងការសម្រួលដល់ការធ្វើដំណើរដល់សាធារណជនទូទៅ តួយ៉ាងដូចផ្លូវក្នុងវង់តូច និងវង់ធំ។
យ៉ាងណាមិញ ដ្បិតបានអភិវឌ្ឍបានច្រើនយ៉ាងណាក្ដី ក៏នៅមានផ្លូវខ្លះមានការខូចខាតផងដែរ មូលហេតុទាំងនោះដោយសារការដឹកជញ្ជូនធ្ងន់ៗ និងចរាចរណ៍មានភាពមមាញឹកជាងពេលមុនៗជាដើម៕