(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើបែបបទ ស្នើសុំមេដាយ និងគ្រឿងឥស្សរិយយស ជូនសិល្បករ និងសិល្បការិនីណា ដែលបានជួយដល់ការងារសង្គម និងប្រទេសជាតិ។
កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងវប្បធម៌នេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, តំណាងសមាគមសិល្បៈ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ភឿង សកុណា បានណែនាំឲ្យក្រុមការងារ ត្រូវពិនិត្យនូវរាល់អ្វីដែលជាកង្វះខាត ក្នុងសេចក្ដីព្រាងនៃការស្នើសុំ ផ្ដល់គ្រឿងឥស្សរិយយសជូនដល់សិល្បករ សិល្បការិនី ហើយក៏ត្រូវពិនិត្យបន្ថែមនូវប្រភេទ និងឋានៈមេដាយ ដែលត្រូវផ្ដល់ផងដែរ ដើម្បីឲ្យសាកសមនូវអ្វីដែលបានជួយដល់សង្គម។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា ការផ្ដល់នូវមេដាយ និងគ្រឿងឥស្សរិយយសនេះ មិនត្រូវគិតអំពីអាយុនោះឡើយ ពោលឲ្យតែមានប្រវត្តិច្បាស់លាស់ ក្នុងជួយដល់ការងារសង្គម និងប្រទេសជាតិ ហើយក៏មិនត្រូវប្រកាន់បក្ខពួកដែរ។
សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០១៧កន្លងទៅ ក៏ធ្លាប់បានចេញសេចក្ដីសម្រេចមួយផងដែរ ស្ដីពីការកំណត់លក្ខខណ្ឌ សម្រាប់វាយតម្លៃ ដាក់ពិន័យ និងលើកសរសើរដល់អ្នកសិល្បៈ ក្នុងគោលបំណងលើកកម្ពស់ការថែរក្សា ការពារសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិឲ្យបានគង់វង្សដើម្បីកិត្យានុភាពជាតិ។ បន្ថែមពីនេះ ក៏ដើម្បីទប់ស្កាត់ផលប៉ះពាល់ ដែលមានលក្ខណៈអវិជ្ជមាន ចំពោះសិល្បៈប្រពៃណីជាតិផងដែរ៕