(ភ្នំពេញ)៖ មន្ដ្រីតុលាការបានប្រាប់ភ្នាក់ងារ Fresh News ​ឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា​ ចោរឆក់ប្លន់ដ៏សកម្ម២នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា​បង្គាប់ឲ្យឃុំខ្លួនបណ្តោះ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ។

យោងតាមសមត្ថកិច្ចដដែលឲ្យដឹងថា ចោរឆក់ទី១៖ឈ្មោះ ឃឺន រ៉ានិត ហៅ​រ៉ា ​អាយុ​១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ​និង​ទី២៖ឈ្មោះ ស៊ិន វិសាល ​អាយុ​១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះមិនចាំលេខ ផ្លូវលំ ភូមិច្រេស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមរបាយការណ៍មន្ដ្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនសង្ស័យទាំង​២នាក់ បានប្រព្រឹត្តអំពើរឆក់ (លួចមានស្ថានទម្ងន់ទោស) និងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមសកម្មភាពដែលក្រុមនេះ ធ្វើសកម្មភាពឆក់ជាក់ស្តែង។

សមត្ថកិច្ចបានអះអាងថា ក្រោយពីបញ្ជូនដល់តុលាការ លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងប្តូរបទចោទប្រកាន់ចោរ​ទាំង​២នាក់ ពីបទ «លួចមានស្ថានទម្ងន់ទោស» ទៅជាបទ «លួច» វិញ។

បើយោងតាម មាត្រា​៣៥៨ នៃក្រមព្រហ្មទណ្ឌ បទ «លួចមានស្ថានទម្ងន់ទោស» អាចប្រឈមការជាប់ពន្ធនាគារ កំណត់រយៈពេលពី​៣ឆ្នាំ ទៅ១០ឆ្នាំ ចំណែក​មាត្រា​៣៥៣ នៃក្រមព្រហ្មទណ្ឌ បទ «លួច» អាចប្រឈមការជាប់គុកពី ៦ខែ ទៅ៣ឆ្នាំ។ ដូច្នេះ​បើយោងតាមការប្តូរបទចោទនេះ ចោរ​ទាំង​២នាក់ ពិតជាសំណាងដែលទទួលបានការសណ្តោសប្រណី និងក្តីអាណិតអាសូ​ជាខ្លាំង ពីព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ដើម្បីឲ្យពួកគេ​អាចឆាប់បានចេញពីពន្ធនាគារ​ទៅក្រៅវិញកែខ្លួន។

សូមជម្រាបជូនថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួន​ក្រុមលោកចោរ​ទាំង​២នាក់ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៨ នៅចំណុចផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្ទាប់ពីពួកគេ​ជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាក iPhone 7Plus ពណ៌ខ្មៅ ពីជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ១៣ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច​ដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ចំនួន​០១​គ្រឿង (ម៉ូតូសម្រេចជិះធ្វើសកម្មភាព ឆក់ និងប្លន់), ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ សលាយត្រួយចេក ស៊េរីឆ្នាំ​២០១៥ ចំនួន​០១គ្រឿង (ជារបស់ដែលគេ ប្លន់បានពីជនរងគ្រោះ) និងទូរសព្ទ័ដៃម៉ាក iPhone 7Plus ពណ៌​ខ្មៅ ជារបស់ជនរងគ្រោះ៕​