(កូរ៉េខាងត្បូង)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានផ្តាំផ្ញើ និងអំពាវនាវឲ្យអាជ្ញាធរកូរ៉េខាងត្បូង ជួយគាំពារដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមកធ្វើការ និងមានគ្រួសារជាប្តីជនជាតិកូរ៉េ ឱ្យមើលថែរក្សា និងយកចិត្តទុកដាក់ដូចពលរដ្ឋរបស់ខ្លួនយ៉ាងដូច្នោះដែរ។
ការផ្តែផ្តាំ និងអំពាវនាវរបស់លោក ឡុង ឌីម៉ង់ ខាងលើនេះ ខណៈលោកបានដឹកនាំមន្ត្រីស្ថានទូតខ្មែរ ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមករស់នៅ និងមានគ្រួសារកូរ៉េ នៅស្រុក Changyeong ដែលជាកូនស្រុកមួយ នៅតំបន់ភាគខាងត្បូងរបស់ប្រទេសកូរ៉េ ដែលមាននារីជាជនជាតិខ្មែរ យកស្វាមីជាជនជាតិកូរ៉េ ចំនួន១៧គ្រួសារ កំពុងរស់នៅទីនេះផងដែរ។
តាមរយៈទំព័រ Facebook ផ្លូវការរបស់លោក ឡុង ឌីម៉ង់ បានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំបានផ្តែផ្តាំអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ ជួយបន្តគាំពារបងប្អូនពលរដ្ឋខ្មែរយើងចាត់ទុកជាកូនជាចៅទៀត។ លើសពីនេះទៅទៀត បងប្អូនបានបេះផ្លែប៉េងប៉ោះដែលគាត់ដាំផ្ទាល់ដៃ និងអ្នកខ្លះចាក់ជាវត្ថុអនុស្សាវរីយ៍ជូនខ្ញុំទៀតផង»។
លោក ឡុង ឌីម៉ង់ បានបន្តថា នៅក្នុងដំណើររបស់លោក និងក្រុមការងារ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អភិបាលស្រុក ជាមួយនឹងសមាគម Happy Dreamer ដែលមានសណ្តានចិត្តដ៏ល្អ ជួយយកអាសារមើលថែពលរដ្ឋខ្មែរ យើងទាំងនៅកូរ៉េផងដែរ។
ជាមួយគ្នានេះដែរ លោក ឌីម៉ង់ បានបង្ហាញថា បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនេះ តែងតែធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ទៅប្រទេសកម្ពុជា ហើយមិនតែប៉ុណ្ណោះស្នាមញញឹម ដ៏ស្មោះពីបងប្អូននារីខ្មែរ អានិកជនដែលមានគ្រួសារកូរ៉េ ចំនួន១៧នាក់ បានធ្វើឱ្យលោកសប្បាយរីករាយចងចាំមិនភ្លេចនោះទេ។
ជារឿយៗឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូងតែងតែ ដឹកនាំមន្ត្រីស្ថានទូត ចុះសាកសួរសុខទុក្ខបងប្អូនកម្មករ និងពលរដ្ឋខ្មែរ ដែលមករស់នៅ និងធ្វើការនៅលើទឹកដីកូរ៉េ ជាហូរហែរផងដែរ ដើម្បីស្វែងយល់របៀបរស់នៅ និងស្ថានភាពនានារបស់ពលរដ្ឋខ្មែរយើងផងដែរ៕