(មណ្ឌលគិរី)៖ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគីរី បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ទាំងឡាយ តាមបណ្តាញសង្គម Facebook ពាក់ព័ន្ធរថយន្តមួយគ្រឿង ដឹកឈើ បានក្រឡាប់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨។

មន្រ្តីរូបនេះ បានបញ្ជាក់ថា ការចោទប្រកាន់ និងការលើកឡើងទាំងឡាយ ដោយគ្មានការសួរនាំពីមន្រ្តីជំនាញនោះ បានធ្វើឲ្យមានការប៉ះពាល់ដល់មន្ត្រីរាជការ នឹងថ្នាក់ដឹកនាំខេត្តផងដែរ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានថយន្តដឹកឈើមួយគ្រឿង បានក្រឡាប់បណ្តាលឲ្យស្លាប់ម្នាក់ និងរបូសធ្ងន់ម្នាក់ នៅចំណុចអូរងើយភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា លោក អ៊ុំុ វណ្ណសុភ: បានថ្លែងបញ្ជាក់ថា ករណីព័ត៌មានផ្សព្វផ្សាយក្នុងបណ្តាញសង្គម Facebook នោះជារឿងមួយ គ្មានមូលដ្ឋានគ្មានទឡ្ហីករណ៍ច្បាស់លាស់ ដោយចោទប្រកាន់តាមការនឹកឃើញរបស់បុគ្គល ដែលធ្វើឲ្យប៉ះពាស់ដល់មន្ត្រីរាជការ នឹងថ្នាក់ដឹកនាំខេត្ត។

លោក អ៊ុំ វណ្ណសុភ: បានបញ្ជាក់ថា «ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី សូមបញ្ជាក់ដល់មហាជនថា ករណីរថយន្តដឹកឈើក្រឡាប់នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺមានច្បាប់អនុញ្ញាតដឹកជញ្ជូនត្រឹមត្រូវពីជំនាញ ហើយឈើទាំងនោះជាប្រភេទឈើឡាំងជ្រុង មិនមែនឈើហ៊ុបដូចការចេញផ្សាយនោះទេ។ មិនត្រឹមតែប៉ុណ្ណោះឈើនេះ ត្រូវបានដឹកចេញពីក្រុមហ៊ុន លីរិទ្ធីគ្រុប ស្ថិតនៅស្រុកកោះញែក ដែលទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល»។

នាយរដ្ឋបាលព្រៃឈើរូបនេះ ក៏បានស្នើរដល់បណ្តាញសង្គមទាំងអស់ មុនធ្វើការផ្សព្វផ្សាយ ត្រូវមានប្រភពមិនច្បាស់លាស់ និងមានការសាកសួរពីមន្ត្រីជំនាញសិន ជៀសវៀងការចេញផ្សាយព័ត៌មានមិនពិត នាំមានការភ័នច្រលំដល់មហាជនទូទៅ៕