(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនមានផលិតស្រាបៀរជាច្រើនដូចជា៖ Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានរៀបចំពិធីសម្ពោធក្លោងទ្វារ និងរបងថ្មីជូនដល់សាលាបឋមសិក្សាចុងព្រែក ដែលមានទីតាំងស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ពិធីសម្ពោធក្លោងទ្វារ និងរបងថ្មីធ្វើឡើងក្រោមការចូលរួមពីលោក នេត សារ៉ែន ចៅសង្កាត់ព្រែកឯង, លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការ សហគ្រាសនៃក្រុមហ៊ុន CBL, លោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន CBL ឳពុកម្តាយ, អាណាព្យាបាល, លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។
លោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក បានឲ្យដឹងថា កន្លងមកសាលារៀនជួបប្រទះ នូវការលំបាកមួយចំនួនដូចជា៖ ក្លោងទ្វារទ្រុឌទ្រោមគួរឲ្យព្រួយបារម្ភ ចំណែករបងមានកំពស់ ទាបងាយស្រួល ឲ្យអ្នកទទៃផ្លោះរបងចូលបរិវេណសាលា ធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងសំភារៈផ្សេងៗ និងថ្នាក់រៀនជាដើម។
លោកនាយកសាលា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CBL ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយកសាងក្លោងទ្វារថ្មី និងរបងថ្មីប្រវែង៦៧ម៉ែត្រ ជូនសាលាបឋមសិក្សាចុងព្រែកនេះ។ លោកបានប្ដេជ្ញាការពារថែរក្សា សម្មិទ្ធិផលទាំងនេះឲ្យបានគង់រង្ស ដើម្បីបានជាប្រយោជន៍ដល់ក្មេងៗ ជំនាន់ក្រោយទៀត។
លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនង កិច្ចការសហគ្រាសនៃក្រុមហ៊ុន CBL ឲ្យដឹងថា នេះជាសាលារៀនទី៣ ដែលក្រុមហ៊ុន និងបុគ្គលិកបានជួយកែលំអរសោភ័ណ្ឌ និងសុវត្ថិភាពឲ្យកាន់ប្រសើរ ក្នុងគោលបំណង ជួយសម្រួលដោះស្រាយផលពិបាកនានា របស់សិស្សានុសិស្ស និងជំរុញទឹកចិត្តពួកគេឲ្យផ្តោតលើការសិក្សារបស់ខ្លួន។
លោកបន្ថែមថា សិស្សានុសិស្សពេលបច្ចុប្បន្ន នឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត ការអប់រំល្អនឹងបណ្តុះបណ្តាល បានធនធានមនុស្សដ៏ល្អ ហើយធនធានមនុស្សដ៏ល្អ នឹងជួញអភិវឌ្ឍសហគមន៍ ឲ្យកាន់តែរីកចំរើន។
លោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងបុគ្គលិកនឹងជួយបង្កើនសោភ័ណ្ឌភាព ដល់សាលារៀនក៏ដូចជា ផ្តល់នូវភាពកក់ក្តៅ និងអារម្មណ៍សុវត្ថិភាពដល់ឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ជាពិសេសសិស្សានុសិស្ស ហើយសង្ឃឹមប្អូនៗនឹងខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ និងជួញអភិវឌ្ឍសហគមន៍ ឲ្យកាន់តែប្រសើរឡើងនាពេលអនាគត៕