(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋមួយចំនួន នៅក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ បានត្អូញត្អែរពីក្រុមហ៊ុនឡានដឹកដីជាច្រើនគ្រឿង ដែលបានបើកឆ្លងកាត់មុខផ្ទះពួកគាត់ ធ្វើឲ្យខូចផ្លូវ និងបង្កឲ្យមានដីហុយ បង្កផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ទៀតផង។
អ្នកភូមិបានលើកឡើងស្រដៀងគ្នាថា អាជ្ញាធរហាក់មិនអើពើ និងចាត់វិធានការទៅលើក្រុមហ៊ុនឡានដឹកដី ឲ្យទទួលខុសត្រូវបញ្ហាទាំងនេះឡើយ។ ពួកគាត់ ក៏បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ អន្តរាគមន៍ទៅក្រុមហ៊ុនដឹកដី ឲ្យចាក់ទឹកថែទាំផ្លូវឲ្យបានទៀងទាត់ និងកុំឲ្យបើកឡានប្រជែងគ្នា ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដល់អ្នកដំណើរតាមដងផ្លូវផងដែរ។
ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០២ ខែវិច្ឆិកានេះថា ក្រុមហ៊ុនឡានដឹកដី ប្រមាណ១០០គ្រឿងក្នុងមួយថ្ងៃៗ បានបង្កឲ្យមានដីហុយជាប្រចាំ។ នៅពេលឡានដឹកដីមកដល់មុខផ្ទះ ពួកគាត់ម្ដងៗ ធ្វើឲ្យដីហុយខ្លាំងមើលផ្លូវមិនឃើញ និងពិបាកដកដង្ហើម ជាពិសេសគឺកុមារតូចៗ ដែលប្រឈមនឹងបញ្ហាសុខភាពយ៉ាងខ្លាំង។ ក្រៅពីនេះ ពេលខ្លះឡានបើកប្រជែងគ្នាយ៉ាងលឿន ដែលធ្វើឲ្យអ្នកដំណើរ និងពលរដ្ឋដែលរស់នៅតាមដងផ្លូវមានការភ័យខ្លាច។
«លំបាកនៅពេលដីហុយទៅមានខ្យល់បក់មក ដីចូលពេញផ្ទះតែម្ដង ហើយផ្ទះខ្ញុំកូនតូចៗជាច្រើន ដែលប៉ះពាល់ដល់សុខភាព»។ នេះជាខ្លឹមសារដើម ដែលប្រជាពលរដ្ឋប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ។
គួរកត់សម្គាល់ថា នៅខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនឡានដឹកដីនៅក្រុងប៉ោយប៉ែត មិនត្រឹមតែដីហុយ និងធ្វើឲ្យខូចផ្លូវប៉ុណ្ណោះទេ គឺឡានដឹកដីជ្រុះដីពាសពេញផ្លូវសំខាន់ៗក្នុងក្រុងមួយនេះ ដែលធ្វើឲ្យខូចបរិស្ថាន និងប៉ះពាល់ដល់សុខភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលឆ្លងកាត់ទៅទស្សនាអង្គរវត្ត និងប្រទេសថៃ។
ទាក់ទិនបញ្ហានេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា រឿងរថយន្តដឹកអាចម៍ដីនោះ គឺកាយដឹកលើរថយន្តកំពុងពេញហូរហៀរ មិនក្រាបតង់ឲ្យបានត្រឹមត្រូវទេ ដែលធ្វើឲ្យជ្រុះអាចម៍ដីលើផ្លូវជាតិ។ ចំណែកអាជ្ញាធរក្រុង សមត្ថកិច្ចពាក់ព័ន្ធ បានខិតចំបាញ់ទឹកសម្អាតផ្លូវ នៅតែក្រុមហ៊ុនដឹកដីមិនខ្វល់។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អាជ្ញាធរក្រុង សមត្ថកិច្ចពាក់ព័ន្ធបូមដីទាល់តែងាប់ ក៏អត់ខ្វល់ ធ្លាក់អីក៏ធ្លាក់ទៅ អត់ខ្វល់អ្វីសោះ មិនខ្វល់ ឲ្យតែអញបានលុយ មិនស្រណោះគ្នា អាអ្នកបូមសោះ។ ខ្ញុំខ្លាចតែម្តង ពេលខ្លះខ្ញុំអត់យល់សោះ គិតតែប្រយោជន៍ខ្លួនឯង មិនខ្វល់ពីប្រយោជន៍រួម ប្រយោជន៍សង្គម តើគេអ្នកធ្វើគីតយ៉ាងណាទៅ»?
លោកបន្តថា «ជារាល់ថ្ងៃ វេលាម៉ោង៥ព្រឹក ខ្ញុំដើរមើលគ្រប់កន្លែងទាំងអស់ រហូតដល់ម៉ោងធ្វើការស្លៀកពាក់មកធ្វើការតែម្តង តើដល់ពេលណាទើបនាំគ្នាភ្ញាក់ខ្លួន ភ្ញាក់រំលឹក គួរនាំគ្នាគិតពីបម្រើពលរដ្ឋ និងសង្គមខ្លះៗទៅ»?
លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នឹងចាត់វិធានការឲ្យបានតឹងរ៉ឹង ដើម្បីឲ្យទីក្រុងប៉ោយប៉ែតបានស្អាតល្អ មិននាំឲ្យខូចមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិឡើយ៕