(ភ្នំពេញ)៖ ​ដើម្បីផ្តល់ជាក្តីស្រលាញ់ និងស្នាមញញឹមដល់សិក្សានុសិស្ស ក្នុងអំឡុងពេលវិស្សមកាល នៃឆ្នាំសិក្សាថ្មីនេះ ក្រុម​ហ៊ុន SAMSUNG ប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្តចុះផ្តល់ប្រព័ន្ធចម្រោះទឹកស្អាត និងសម្ភារសិក្សាដល់សិស្សានុសិស្ស ហើយនេះក៏ជាឆ្នាំទី៣ដែរ ដែលកម្មវិធី Samsung Love & Care បានបង្កើតឡើង និងមានការចូលរួមពីអ្នកស្ម័គ្រចិត្ត ជាច្រើននាក់ ក្នុងគោលបំណងដើម្បីផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត សម្ភារសិក្សា និងដបទឹកសម្រាប់សិស្សានុសិស្សផងដែរ។

កម្មវិធី Love and Care នេះគឺជាគំនិតផ្តួចផ្តើមសកម្មភាពស្ម័គ្រចិត្ត ជាសកលប្រចាំឆ្នាំរបស់ក្រុមហ៊ុន SAMSUNG ហើយឆ្នាំនេះផងដែរ ក្រុមហ៊ុនបានជ្រើសរើសយកសាលាបឋមសិក្សាឃ្មួញ ស្ថិតនៅភូមិ បាឡាសែត សង្កាត់ឃ្មួញ រាជធានីភ្នំពេញ ដែលមានសិស្សានុសិស្សជាង៤០០នាក់ ក្នុងការផ្ដល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាតដល់សិក្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដើម្បីសម្រួលដល់ការទទួលទានប្រចាំថ្ងៃ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុនថៃ SAMSUNG អេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា បានថ្លែងថា «យើងតែងតែប្តេជ្ញាចិត្តថា យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការបង្កើតសមិទ្ធផលអាជីវកម្ម ក្នុងការចូលរួមចំណែកជាមួយនឹងសហគមន៍ ហើយក្រៅពីកិច្ចការអាជីវកម្ម ដែលនាំមកនូវជីវិតងាយស្រួល និងផាសុកភាពដល់អតិថិជន យើងតែងតែបោះជំហាន ឈានទៅមុខ និងផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់ ដើម្បីធ្វើឱ្យសហគមន៍ និងសង្គមជាតិយើងរស់នៅកាន់តែប្រសើរ»

លោកបន្ថែមទៀតថា ផលិតផល SAMSUNG បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកក៏បានផ្សាភ្ជាប់ទំនាក់ទំនង ជាមួយសកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌ មិនថា ពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ម្យ៉ាងវិញទៀត «យើងតែងតែចាត់ទុកកុមារ និងក្មេងៗ ជំនាន់ក្រោយជាទំពាំស្នងឬស្សី និងជាអនាគតរបស់ប្រទេសកម្ពុជា ហើយនៅថ្ងៃណាមួយកុមារៗ នៅក្នុងសាលារៀននាថ្ងៃនេះ នឹងជួយអភិវឌ្ឍប្រទេសកម្ពុជាបានជាក់ជាមិនខាន»

លោកគ្រូ សេង តូ នាយកសាលាបឋមសិក្សាឃ្មួញ បានឱ្យដឹងថា លោកពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង ចំពោះសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនសាមសុង ក្នុងថ្ងៃនេះ តាមរយៈកម្មវិធី Samsung Love and Care ក្រុមហ៊ុន SAMSUNG មិនត្រឹមតែផ្ដល់ភាពងាយស្រួល និងផាសុកភាពដល់ជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្សាភ្ជាប់ទំនាក់ទំនង រវាងបុគ្គលិករបស់ក្រុមហ៊ុន និងសិស្សានុសិស្សផងដែរ ហើយក៏បានកាឆ្លើយតបទៅវិញពីសិស្សានុសិស្ស ដោយការទទួលការាក់ទាក់ ដោយសេចក្ដីគោរពស្រឡាញ់ពីសិស្សានុសិស្សផងដែរ។

កញ្ញា ឱក សុគន្ធកញ្ញា បានបញ្ជាក់ថា «នាងខ្ញុំពិតជាមានសេចក្ដីរំភើប ដែលបានមកដល់ទីនេះ និងបានចូលរួមក្នុងកម្មវិធីដ៏មានអត្ថន័យនេះ។ SAMSUNG នាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ដើម្បីលើកកម្ពស់ការរស់នៅ របស់សិស្សានុសិស្ស ហើយសម្រាប់សកម្មភាពនេះ នាងខ្ញុំពិតជាមានមោទនភាព ក្នុងការធ្វើជាតារាតំណាងឱ្យ SAMSUNG នេះណាស់»

បន្ថែមពីនេះ កញ្ញា មាន សូនីតា ក៏បានបញ្ជាក់ដែរថា «នាងខ្ញុំមានសេចក្ដីរីករាយ ដែលបានក្លាយជាសមាជិកមួយរបស់គ្រួសារ SAMSUNG ហើយថ្ងៃនេះគឺពិតជាផ្តល់នូវភាពរំភើបរីករាយ ដល់នាងខ្ញុំដែលបានមកចូលរួម និងចែកសម្ភារសិស្សាជូនដល់ប្អូនៗ កុមារទាំងអស់នាព្រឹកនេះ»

ស្ថិតនៅក្នុងថ្ងៃដែលពោរពេញទៅដោយការ ប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធត្រូវបានបញ្ចប់នេះ កុមារ និងបុគ្គលិកស្ម័គ្រចិត្តរបស់ SAMSUNG បានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយដោយ បាននិយាយពាក្យថា «ជួបគ្នាម្តងទៀតនោពេលក្រោយ ! »៕