(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC), ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា (CCWR) និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា (CLUF) ដែលទើបតែបញ្ចប់បេសកកម្មទស្សនកិច្ចសិក្សាជាង១០ថ្ងៃ នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា បញ្ហាប្រឈមរបស់សហជីព គឺជារឿងធម្មតា សំខាន់គឺភាគីពាក់ព័ន្ធត្រូវទទួលស្គាល់ការពិត និងរួមគ្នាដោះស្រាយ ពីព្រោះភាគីសហជីពកម្មករ និងភាគីថៅកែតែងតែមានទស្សនៈផ្ទុយគ្នា គឺម្ខាងចង់បានប្រាក់ខែច្រើន និងម្ខាងទៀតចង់បានផលចំណេញច្រើន។
Fcebook ផ្លូវការរបស់ NACC ផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ទស្សនៈរបស់លោក សោម អូន ខាងលើនេះ គឺជាមូលដ្ឋាន នៃការឈានទៅរកការតស៊ូមតិ ឬជម្លោះការងារដោយ សារតែការការពារផលប្រយោជន៍រៀងៗខ្លួន ទោះបីភាគីទាំងពីរដឹងថា កម្មករ និងនិយោជក គឺជាដៃគូមិនអាចខ្វះបានក៏ដោយ។
លោក សោម អូន បានបន្តថា តាមរយៈបទពិសោធន៍ នៃការចូលរួមទស្សនកិច្ចសិក្សាវិស័យ ការងារសហជីពជាង១០ថ្ងៃ នៅប្រទេសអាមេរិក គណៈប្រតិភូសហជីពកម្ពុជា បានស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃសហជីព និងនិយោជកអាមេរិក។ ទោះបីចលនាសហជីពអាមេរិក មានការរីកចម្រើនក្នុងអាយុកាលជាង១០០ឆ្នាំហើយក៏ដោយ ក៏វិស័យនេះ នៅតែមានបញ្ហាប្រឈមមួយចំនួនដូចជា៖ បញ្ហាចងក្រងសហជីព, បញ្ហាការងារទាមទារបង្កើតអនុសញ្ញារួម, បញ្ហាការរើសអើសសហជីព និងបញ្ហាយុទ្ធនាការរបស់ភាគីនិយោជក ធ្វើឲ្យសហជីពចុះខ្សោយជាដើម។
លោកបានកត់សម្គាល់ថា ការងាររបស់សហជីពនៅប្រទេសណាក៏ដោយ សំខាន់សហជីពត្រូវតែធ្វើឲ្យខ្លួនឯងខ្លាំង ឲ្យស្របតាមគោលការណ៍វិជ្ជាជីវៈ និងមានឥទ្ធិពលក្នុងការចរចារជាមួយភាគីនិយោជក ដោយផ្នែកតាមលក្ខខណ្ឌច្បាប់កំណត់។ លោកបន្តថា អ្វីដែលជាពុទ្ធិ ឬបទពិសោធន៍ល្អៗ ដែលទទួលបានពីទស្សនកិច្ចសិក្សាផ្លាស់ប្តូរខាងលើនេះ មានដូចជា៖ យុទ្ធសាស្ត្រចងក្រងសហជីព, ការពង្រឹងភាគទាន, ការចរចាអនុសញ្ញារួម, ការបណ្តុះបណ្តាលធនធានមនុស្ស, ទំនាក់ទំនងវិជ្ជាជីវៈ និងសាមគ្គីភាពក្នុងក្របខណ្ឌសហជីពថ្នាក់ជាតិ។
សូមបញ្ជាក់ថា ក្រោមគម្រោង Exchange Program របស់ក្រសួងការបរទេសអាមេរិក និងក្រោមការសម្របសម្រួល មជ្ឈមណ្ឌលសាមគ្គីភាពប្រចាំកម្ពុជា គណៈប្រតិភូសហជីពកម្ពុជា បានធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ លើការងារសហជីពចំនួនជាង១០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅរដ្ឋ Washington DC, Rhode Island city of Massachusetts state និង Las Vegas city of Nevada State របស់សហរដ្ឋអាមេរិក៕