(កោះកុង)៖ លោក តុប សុភ័ក្ភ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចូលរួមសិក្ខាសាលាស្តីពី «ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ សម្រាប់បុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨» ដែលបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តកោះកុង ដោយមានការចូលរួមពីលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទ និងមានការចូលរួមពីសំណាក់ អាជីវករ និងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារជាច្រើនរូប។
លោក តុប សុភ័ក្ភ បានថ្លែងថា សិក្ខាសាលានេះត្រូវបានធ្វើឡើង ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៧ សម្រាប់ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកបានជំរុញឲ្យមន្ត្រី និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងធ្វើពង្រឹងគុណភាពផលិតផល និងសេវាទេសចរណ៍ ឲ្យមានតម្លាភាពនិងសក្តានុពល ដើម្បីធ្វើយ៉ាងណាឲ្យមានការទទួលបានការកោតសសើរ ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលចូលមកកម្សាន្ត ក្នុងទឹកដីនៃទិសនិរតីនេះ។ លោកថា ខេត្តកោះកុង គឺជាខេត្តដែលសំបូរទៅដោយសក្តានុពលធម្មជាតិ និងតំបន់អេកូទេសចរណ៍ជីវៈចម្រុះច្រើនកន្លែង ដែលធ្វើឲ្យមានចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍។
លោកស្រី ឈុន រ៉ាវុធ បានថ្លែងថា ខេត្តកោះកុង ស្ថិតក្នុងតំបន់ឆ្នេរ K4 នៃប្រទេសកម្ពុជា ដែលសំបូរទៅធម្មជាតិ ព្រៃព្រឹក្សា ជ្រោះដងអូរឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ជីវចម្រុះព្រៃកោងកាង ជាពិសេសសំបូរសក្តានុពល ដែលគួរឲ្យចាប់អារម្មណ៍ ហើយអាចប្រកួតប្រជែងក្នុងលំដាប់ពិភពលលោកផងដែរ។ លោកស្រីថា ផ្នែកវិស័យទេសចរណ៍ មានសក្តានុពលខ្លាំង ដែលចំណុចទាំងអស់នេះហើយ ធ្វើឲ្យខេត្តកោះកុង មានតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ដែលធ្វើឲ្យមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។
លោកស្រីសូមឲ្យអាជីរករ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ខិតខំយកចិត្តទុកដាក់ អនុវត្តន៍និងរៀនសូត្រ ដើម្បីយកបទពិសោធន៍ផ្សេងៗទៅអនុវត្តន៍ តាមទីតាំងអាជីកម្មរៀងៗខ្លួន ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង របស់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្ត៕