(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញប្រទេសឥណ្ឌា ធ្វើការវិនិយោគលើវិស័យអប់រំ តាមរយៈការបង្កើតសាកលវិទ្យាល័យ បណ្តុះបណ្តាលធនធានមនុស្ស ផ្នែកព័ត៌មានវិទ្យា និងកសិកម្ម ដើម្បីលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា សំដៅទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងការធ្វើពិពិធកម្ម (ពង្រីក) កំណើនសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ានីកា ជែន (Manika Jain) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅឯបន្ទប់ប្រជុំបាយ័ន នៃទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូន លោកស្រី ម៉ានីកា ជែន អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ព្រមទាំងការដាក់ចេញនូវគោលនយោបាយបើកចំហរ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់ បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកឡើងពីកត្តាប្រឈមរបស់កម្ពុជា ជាពិសេសបញ្ហាកង្វះធនធានមនុស្ស ដែលមានគុណភាព ដើម្បីបម្រើគម្រោងវិនិយោគធំៗ និងបានស្នើសុំ លោកស្រីឯកអគ្គរដ្ឋទូត ជួយកៀងគរវិនិយោគិនឥណ្ឌា មកសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតសាកលវិទ្យាល័យ ដែលមានកម្មវិធីសិក្សា ទាក់ទងព័ត៌មានវិទ្យា និងបច្ចេកទេសកសិកម្មទំនើប សម្រាប់និស្សិតកម្ពុជា។
«ប្រទេសឥណ្ឌា មានភាពលេចធ្លោលើវិស័យបច្ចេកវិទ្យា និងមានកម្មវិធីសិក្សាល្អៗទាក់ទងព័ត៌មានវិទ្យា និងកសិកម្ម ដូច្នេះសូមជួយនាំយកកម្មវិធីសិក្សាទាំងអស់នោះ មកចែករំលែកដល់និស្សិតកម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេស និងឆ្លើយតបតម្រូវការវិនិយោគិនបរទេស» លោក ប៉ាន សូរស័ក្តិ បានបន្ថែម។
ជាការឆ្លើយតប លោកស្រី ម៉ានីកា ជែន បានឯកភាព និងថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ សម្រាប់កិច្ចសហការល្អនាពេលកន្លងមក។ លោកស្រី ឯកអគ្គរដ្ឋទូត បានសន្យានាំយកសំណើលោករដ្ឋមន្ត្រី ទៅជម្រាបរដ្ឋាភិបាល និងវិស័យឯកជនឥណ្ឌា ឲ្យចូលមកបណ្តាក់ទុនលើវិស័យអប់រំ និងវិស័យកសិកម្ម ដើម្បីចូលរួមលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។
បន្ថែមលើនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ លោកស្រី ម៉ានីកា ជែន ក៏មានបំណងអញ្ជើញ វិស័យឯកជនកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបធុរកិច្ចសំខាន់ៗ នៅក្នុងប្រទេសឥណ្ឌាផងដែរ៕