(កំពង់ឆ្នាំង)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា ហើយត្រូវតែត្រៀមលក្ខណៈគ្រប់ពេល ដើម្បីជួយសង្គ្រោះនៅពេលពលរដ្ឋមានបញ្ហាកើតឡើង។

ការថ្លែងបែបនេះរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ចំនួន ១,៦៣៦គ្រួសារដែលមកពីចំនួន​៧១ភូមិ ​១១​ឃុំ និងមកពីស្រុកចំនួន​៤​ នៃខេត្តកំពង់ឆ្នាំង។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងយ៉ាងដូច្នេះថា «សូមអំពាវនាវដល់ក្រុមការងារ ក្រុមតំណាងរាស្ដ្រ ពិសេសគឺអាជ្ញាធរនៅផ្ទាល់ ជាមួយប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ឲ្យបានកម្រិតខ្ពស់បន្ថែមទៀត ត្រូវតែដឹងសុខដឹងទុក្ខចំពោះប្រជាពលរដ្ឋ ព្រោះយើងមានបណ្ដាញតាមភូមិ មានតាមឃុំ មានតាមស្រុក និងត្រូវលុបបំបាត់ល្បែងស៊ីសង ដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារ ត្រូវតែលុបបំបាត់»

បន្ថែមពីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានក្រើនរំលឹកដល់ឪពុក ម្ដាយ អាណាព្យាបាលទាំងអស់ ត្រូវតែពិនិត្យ និងណែនាំឲ្យបានគ្រប់ជ្រុងជ្រោយដល់កូនៗ នៅពេលចេញទៅសិក្សា ព្រោះថាសម័យនេះយុវជន យុវតីងាយនឹងភ្លើតភ្លើនជាមួយសម្ភារនិយម ហើយត្រូវតែកាត់បន្ថយ កុំឲ្យកូនប្រើប្រាស់នូវទូរស័ព្ទទំនើបច្រើនពេក ដោយហេតុថា ទូរស័ព្ទទំនើបនេះហើយដែលធ្វើឲ្យក្មេងៗងប់ភ្លេចការសិក្សា។

លើសពីនេះ សម្ដេចប្រធានកាកបាទក្រហម ក៏គូសបញ្ជាក់អំពីករណីអំពើហិង្សាក្នុងគ្រួសារផងដែរ ដែលអាចបណ្ដាលមកពីការលេងល្បែងស៊ីសង និងផឹកសុរា ដែលចំណុចនេះសម្ដេចណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ត្រូវតែចូលរួមទប់ស្កាត់ឲ្យបានទាំងអស់គ្នា ព្រោះបើសង្គមល្អ ប្រជាពលរដ្ឋមិនល្អ ក៏អាចនាំឲ្យអន្ដរាយដូចគ្នាផងដែរ។

ថ្លែងដល់ចំណុចនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានរំលឹកអំពីករណីរំលោភសម្លាប់មួយផងដែរ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងនេះផ្ទាល់តែម្ដង ដោយក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវបានបុរសម្នាក់ដែលជាអ្នកក្បែរខាងរំលោភ ហើយសម្លាប់ដាក់ចូលក្នុងកេសខោអាវ។
ភ្លាមៗបន្ទាប់ពីដឹងករណីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាចំនួន២០លានរៀលរួចមកហើយ ហើយនៅព្រឹកនេះ សម្ដេចក៏ប្រកាស ធ្វើផ្ទះមួយខ្នងឲ្យបន្ថែមទៀត ​ឲ្យឪពុកម្ដាយ និងសម្រេចរកការងារឲ្យធ្វើនៅខេត្តកំពង់ឆ្នាំងតែម្ដង មិនបាច់ចំណាក់ស្រុកដូចកាលពីមុនទៀតឡើយ៕​