(ភ្នំពេញ)៖ សប្តាហ៍ដំបូង ខែវិច្ឆិកានេះ គម្រោងវិនិយោគធំៗ របស់ក្រុមហ៊ុនចំនួន៦ទៀតហើយ មានទុនវិនិយោគសរុប ១៧២.៩៨លានដុល្លារអាមេរិក និងបង្កើតការងារថ្មីបានចំនួន ២,០៩១កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការ។
Facebook ផ្លូវការរបស់ CDC ផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន NORO MALL CO.,LTD. គម្រោងវិនិយោគបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៩.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៩៤កន្លែង។
២៖ ក្រុមហ៊ុន SCHNEITEC RENEWABLE CO.,LTD. គម្រោងសាងសង់ស្ថានីយ៍ផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៦០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥៨.២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៥កន្លែង។
៣៖ ក្រុមហ៊ុន LING XIU INT’L CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦៨.៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣៣កន្លែង។
៤៖ ក្រុមហ៊ុន CATH PHARMA CO.,LTD. គម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៩៦ ភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣កន្លែង។
៥៖ ក្រុមហ៊ុន SAIER (CAMBODIA) GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.០៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,០២៥កន្លែង។
៦៖ ក្រុមហ៊ុន HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២៦.២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៩១កន្លែង៕