(ភ្នំពេញ)៖ រដ្ឋាភិបាលអាមេរិក បានសម្តែងការស្វាគមន៍ និងកំពុងរៀបចំបន្តកិច្ចសហប្រតិបត្តិការ (POW/MIA) ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅក្នុងសម័យសង្រ្គាមឡើងវិញ បន្ទាប់ពីកិច្ចសហប្រតិបត្តិការនេះត្រូវបានផ្អាកអស់រយៈពេលជាង១ឆ្នាំ។
ឆ្លើយនឹងសំណួរ Fresh News តាមសារអេឡិចត្រូនិច នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់អំពីការស្វាគមន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុនេះ។ លោកអះអាងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលអាមេរិក ស្វាគមន៍ចំពោះសេចក្តីប្រកាសនាពេលថ្មីៗនេះរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចចាប់ផ្តើមប្រតិបត្តិការតាមរុករកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ ហើយរដ្ឋាភិបាលអាមេរិក ក៏កំពុងរៀបចំបន្តប្រតិបត្តិការនៅទីនេះផងដែរ»។
ការអះអាងអំពីជំហរសហរដ្ឋអាមេរិកនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់សមាជិកព្រឹទ្ធសភាអាមេរិក រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបើកឡើងវិញនូវប្រតិបត្តិការរុករក អដ្ឋិធាតុទាហានអាមេរិកនៅក្នុងប្រទេសកម្ពុជា។
ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនសមាជិកព្រឹទ្ធសភា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ដុក អេរិកសុន (Doug Ericksen) និងតំណាងរាស្រ្តលោក វីនសុន បាយ្ស (Vicent Buys) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ បញ្ជាក់ទៀតថា «យើងតែងតែមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងអស់ ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក»។
សម្តេចបានបន្តថា កិច្ចសហប្រតិបត្តិការលើកម្មវិធី POW/MIA តាំងតែពីមុនពេលកម្ពុជា និងសហរដ្ឋអាមេរិកតភ្ជាប់ ទំនាក់ទំនងឡើងវិញ នៅទស្សវត្ស១៩៩០ គឺជាទាហរណ៍បញ្ជាក់ច្បាស់អំពីការខិតខំរបស់យើងដើម្បីគោលដៅនេះ ហើយក៏ជាការឆ្លុះបញ្ចាំងនូវការរួមមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជាមួយនឹងក្រុមគ្រួសារឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន ដែលបានរងទុក្ខផ្លូវចិត្តយ៉ាងធំធេងដោយការបាត់បង់របស់គេ»។
បើតាមរបាយការណ៍សហរដ្ឋអាមេរិក, រហូតមកដល់ពេលនេះ អដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅក្នុងសម័យសង្រ្គាមលើទឹកដីកម្ពុជា នៅសល់ប្រមាណ៤៨នាក់ទៀត មិនទាន់ត្រូវបានរកឃើញនៅឡើយ ខណៈដែលគ្រួសារសាច់ញាតិរបស់ពួកគេទាមទារឱ្យរដ្ឋាភិបាលអាមេរិកបន្តស្វែងរកនូវទាហានដែលពលីក្នុងពេលមានសង្រ្គាម។ ជាច្រើនឆ្នាំមកនេះ កិច្ចសហប្រតិបត្តិរបស់ប្រទេសទាំងពីរ បានរកឃើញអដ្ឋិធាតុទាហានអាមេរិកតែត្រឹមជាង ៤០នាក់តែប៉ុណ្ណោះ។
នាថ្មីៗនេះ អាជ្ញាធរខេត្តស្វាយរៀង បានរាយការណ៍ថា ប្រជាពលរដ្ឋទើបនឹងប្រទះឃើញអដ្ឋិធាតុថ្មីមួយទៀត នៅក្នុងឃុំត្នោត ស្រុកកំពង់រោ ខេត្តស្វាយរៀង ដែលគេសង្ស័យថា ជាអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួន មិនទាន់រកឃើញនៅកម្ពុជាទាំងនោះ។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអះអាងថា ស្ថានទូតអាមេរិកក៏បានទទួលដំណឹងនេះដែរ ព្រមទាំងបានរាយការន៍ទៅកាន់ភ្នាក់ងារជំនាញថែមទៀត។ លោកអះអាងថា៖ «យើងឃើញមានសេចក្តីរាយការណ៍ព័ត៌មានថា មានការរកឃើញអដិ្ឋធាតុ នៅខេត្តស្វាយរៀង និងបានបញ្ជូនដំណឹងនេះបន្តទៅកាន់ទីភ្នាក់ងារទទួលបន្ទុកទាហានបាត់ខ្លួន DPAA នៃក្រសួងការពារជាតិអាមេរិកហើយ ប៉ុន្តែយើងមិនអាចបញ្ជាក់បានថា អដ្ឋិធាតុនោះជារបស់ទាហានអាមេរិកឬយ៉ាងណានោះទេ»៕