(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានអញ្ជើញចុះឈូសឆាយ រៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាព នៅមាត់ស្ទឹងប៉ៃលិន ចាប់ពីចំណុចស្ពានស្ទឹងតារៀប រហូតដល់ស្ពានសន្តិភាព ក្នុងការត្រៀមរៀបចំសង្ក្រាន្តប៉ៃលិន ឆ្នាំថ្មីនាពេលខាងមុខ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត ខណៈអាជ្ញាធរខេត្ត មិនធ្លាប់បានរៀបចំព្រឹទ្ធការណ៍នេះឡើយ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឱ្យដឹងនាថ្ងៃទី០២ ខែវិច្ឆិកានេះថា ការបង្កើតសង្ក្រាន្តប៉ៃលិននេះឡើង គឺក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមនូវភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនារបស់កម្ពុជា ព្រមទាំងបន្តពង្រីកកឹត្យានុភាពជាតិលើឆាកអន្តរជាតិ ដោយបំផុសនូវគំនិតរួបរួមកម្លាំងសាមគ្គីភាព ជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ អត្តសញ្ញាណជាតិខ្មែរ ដើម្បីជាគុណប្រយោជន៍នៃកំណើនសេដ្ឋកិច្ចជាតិ និងក្នុងបរិបទនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ។
លោកអភិបាលខេត្តបានបន្តថា សង្ក្រាន្តប៉ៃលិននេះ នឹងធ្វើឡើងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅតាមបណ្តោយដងស្ទឹងប៉ៃលិន ដែលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពុងឈូសឆាយ រៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាព ដោយគ្រោងរៀបចំនូវការលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៍ ការបង្ហាញសិល្បបុរាណ និងសម័យផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកលេងកម្សាន្តសប្បាយផងដែរ។
លោក ហុក សុផល អភិបាលរងខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិនកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្នុងខេត្ត ដូចជា ការកសាងផ្លូវគមនាគមន៍ កែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងលម្អនាពេលរាត្រី ដូច្នេះសូមប្រជាពលរដ្ឋត្រូវចូលរួមសហការទាំងអស់គ្នា ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសការថែរក្សាអនាម័យសាធារណៈ។
សូមបញ្ជាក់ថា នៅក្នុងខេត្តក្រៅពីទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី គឺនៅមានតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូចជា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ រមណីយដ្ឋានវប្បធម៌ភ្នំយ៉ាត រមណីយដ្ឋានស្ទឹងភ្នំដំបង រមណីយដ្ឋានអូរឈើក្រំ រមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី រមណីយដ្ឋានចម្ការខ្នុរ រមណីយដ្ឋានកូលាបប៉ៃលិន រមណីយដ្ឋានស្ទឹងតារាប រមណីយដ្ឋានភ្នំកុយ រីសតមែម៉ូរីយ៉ា រមណីយដ្ឋានអូរអែម រមណីយដ្ឋានម្លប់សាវម៉ាវ និងរមណីយដ្ឋានរហាត់ទឹក ដោយមានសណ្ឋាគារចំនួន ១០កន្លែង ផ្ទះសំណាក់ចំនួន ១៤កន្លែង សម្រាប់ផ្គត់ផ្គង់ការស្នាក់នៅរបស់ភ្ញៀវទេសចរផងដែរ៕