(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកបណ្ឌិត Ben Yahia ទីប្រឹក្សាប្រតិបត្តិជាន់ខ្ពស់ សម្រាប់យុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍នៃវិស័យប្រេង ឧស្ម័ន និងថាមពល មកពីប្រទេសកាតា ចូលជួបសម្តែងការគួរសម នៅឯទីស្តីការក្រសួង។
ក្នុងឱកាសនោះ លោកបណ្ឌិត Ben Yahia ទីប្រឹក្សាប្រតិបត្តិជាន់ខ្ពស់ សម្រាប់យុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍ បានថ្លែងអំណរគុណដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតឲ្យលោក និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកបណ្ឌិត បានបញ្ជាក់ថា លោកបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ជាលើកទីមួយ ដើម្បីស្វែងយល់ពីសក្តានុពល ក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសទៅលើការផលិតជី និងថ្នាំកសិកម្ម ព្រោះកម្ពុជាជាប្រទេសកសិកម្ម ហើយប្រទេសកាតា មានវត្ថុធាតុដើមជាច្រើន ដែលអាចយកមកធ្វើការកែច្នៃ ផ្គត់ផ្គង់ និងចែកចាយនៅក្នុងប្រទេស និងតំបន់បាន។
ឆ្លៀតឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានបង្ហាញនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគវិស័យកសិកម្មនៅកម្ពុជា។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមានសក្តានុពលវិស័យកសិកម្ម បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ដោយឡែកកម្ពុជា មានតម្រូវការផ្នែកកសិឧស្សាហកម្ម ជាពិសេសការកែច្នៃជី និងថ្នាំកសិកម្ម ជាវត្ថុធាតុ ដើមដ៏សំខាន់ ដែលអាចចូលរួមចំណែកគាំទ្រដល់កសិករកម្ពុជា ក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រោះបច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនអាជីវកម្មជី និងថ្នាំជាច្រើន ដែលបាននិងកំពុងនាំចូលផលិតផលជី ថ្នាំពីប្រទេសជិតខាង។
លោករដ្ឋមន្រ្តី វេង សាខុន សង្ឃឹមថា លោកបណ្ឌិត អាចនិងពិនិត្យមើលលទ្ធភាព សហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបោះទុនវិនិយោគលើគម្រោងផលិតជី និងថ្នាំកសិកម្មនាពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ លោកបណ្ឌិត ឲ្យជួយជំរុញដល់ការសហការ នាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសកាតាផងដែរ៕