(ឧត្តរមានជ័យ)៖ ​ទេសរដ្ឋមន្រ្តី​ គន់​ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ អមដំណើរ​ដោយ​លោក​ ស​ ថាវី​ អភិបាល​ខេត្ត​​ឧត្តរមានជ័យ ​បានអញ្ជើញ​ប្រគល់ផ្ទះចំនួន​​៦ខ្នង​ ធ្វើពី​ឈើ​ ប្រក់សង្ក័សី​ ទំហំ៥ម៉ែត្រ គុណ៥ម៉ែត្រ​ និងតសំយ៉ាបសង្ក័សី​៣ម៉ែត្រ​ ជាអំណោយរបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ និងអណ្តូងទឹក​១២ ជាអំណោយរបស់សម្តេចកតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន ជូន​ដល់​អតីត​យុទ្ធជន​​ស្ថិតក្នុងភូមិ​បាត់កាវ​ ឃុំចុងកាល់ ស្រុកចុងកាល់​ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ថ្លែង​ក្នុង​ឱកាស​នោះ​ ទេសរដ្ឋមន្ដ្រី គន់ គីម​ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី​សម្តេចតេជោ​ ហ៊ុន សែន ជូនដល់អតីត​យុទ្ធជន ​ប​ន្ទាប់មកទេសរដ្ឋមន្ដ្រី បានផ្តាំផ្ញើដល់​សមាជិក​ដែលមករស់នៅទីនេះ ត្រូវរក្សាអនាម័យ​ ដើម្បីបង្ការជំងឺ និងត្រូវចេះថែរក្សាផ្ទះសម្បែងដែលបានទទួល​។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី​អគ្គលេខាធិការ​ បានណែនាំលោកអភិបាលខេត្ត​ ចាត់តាំង​តាមមន្ទីរ​ការិយាល័យជុំវិញខេត្ត​ ចែកគ្នាជួយឧបត្ថម្ភសមាជិកអតីតយុទ្ធជន ក្នុងដំណាក់កាលដែលពួកគាត់ទើបមកនៅថ្មី។

ដោយមានសំណូមពរពីសមាជិក ​ដែលមកនៅទីនេះគ្មានដីបង្កើនផល​ ក្នុងកាលនោះ​​ លោក​ទេសរដ្ឋមន្រ្តី គន់ គីម​ បានស្នើសុំសម្តេច​តេជោ ហ៊ុន សែន ហើយត្រូវ​បានសម្តេច​​អនុញ្ញាតដោះស្រាយដីដែលមានស្រាប់ជូនក្នុងមួយគ្រួសារ២ហិកតា​។

សមាជិកអតីត​យុទ្ធជន​​​ទាំង៦គ្រួសារ​ សូមសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និងជាប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់​ទាំងជីវភាពរស់នៅ​ ទាំងសុខភាព​ ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ដែលមានជីវភាពខ្វះខាត​ ផ្តល់ប័ណ្ណ​ ប​.ស​.ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់​ និងសូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារបានសុខសប្បាយ​ សុខភាពរឹងមាំ​ បន្តដឹកនាំប្រទេសកម្ពុជា​ ជារៀងរហូត។

សូមបញ្ជក់ថា​ នៅទីនេះផ្ទះអំណោយរបស់សម្តេច​តេជោ​ ហ៊ុន សែន មាន​ចំនួន៥១​ខ្នង កំពុងសាងសង់សម្រាប់ផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្សត់ខ្សោយ៕