(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Group និងក្រុមហ៊ុន HLH Development Pte Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិនិយោគរួមគ្នាទ្វេភាគី សាងសង់អគារពាណិជ្ជកម្ម និងខុនដូ ដ៏ទំនើបខ្ពស់មួយ ក្នុងតំបន់ទួលគោក ដែលនឹងលេចរូបរាងដ៏ឆាប់ខាងមុខនេះ ។

ក្នុងឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយមានវត្ដមានលោកអ្នកឧកញ៉ា គិត ម៉េង ដែលប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក Hanna Mark នាយកផ្នែកហិរញ្ញវត្ថុ (CFO) នៃក្រុមហ៊ុន Royal Group បានថ្លែងឲ្យដឹងថា «បន្ទាប់ពីរក្រុមហ៊ុនយើងទាំងពីរបានចុះកិច្ចព្រមព្រៀងហើយនោះ នៅ៣ខែខាងមុខទៀត យើងនឹងចាប់ផ្ដើមសាងសង់ អគារ-ខុនដូដ៏ទំនើប ដែលមានកម្ពស់រហូតដល់ទៅ១២ជាន់ ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញតែម្ដង នៅម្ដុំទួលគោក ដែលគ្របដណ្តប់លើផ្ទៃដី​ប្រហែលទំហំ ​៨,២២១ម៉ែត្រក្រឡា និងទំហំផ្ទៃអគារ​ប្រមាណ ​៨០,០០០ម៉ែត្រក្រឡា»។

លោកបន្ដថា គម្រោងសាងសង់ដ៏ទំនើប ដែលរួមមានសំណង់​ពាណិជ្ជកម្ម និងខុនដូនេះ នឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងរយៈពេលពីរឆ្នាំទៀត សម្រាប់ទុនវិនិយោគកំពុងសិក្សានៅឡើយ។

ទន្ទឹមនឹងនោះ លោក Ryan Ong អគ្គនាយក Hong Lai Huat Group Limited បានថ្លែងថា «ខ្ញុំពិតជាមានកិត្តិយស និងសេចក្តី​សោមនស្សរីករាយ ដែលបានអញ្ជើញមកចូលរួម​ក្នុងពិធីចុះកិច្ចព្រមព្រៀង​អភិវឌ្ឍន៍រួម រវាង​​ក្រុមហ៊ុន HLH Development Pte Ltd និង​ក្រុមហ៊ុន Royal Group»។

លោកបន្ដថា Hong Lai Huat Group Limited «ជាក្រុមហ៊ុន​ចុះបញ្ជីមកពីសិង្ហបុរី មានបទពិសោធន៍​​យូរឆ្នាំ ក្នុងវិស័យអភិវឌ្ឍន៍​សំណង់ ក៏ដូចជា​​អចលនទ្រព្យ​នៅប្រទេសសិង្ហបុរី ចាប់តាំងពីឆ្នាំ១៩៨៨មក។ ក្រុមហ៊ុនយើង​ប្តេជ្ញានាំយកមកនូវ​​ឯកទេស​ និងជំនាញវិជ្ជាជីវៈដែល​មាន​ស្តង់ដាខ្ពស់ មកអភិវឌ្ឍ​នៅប្រទេសកម្ពុជា។ ដូច្នេះហើយ ពួកយើង​អាចកំណត់ថា សំណង់នៃ​ការអភិវឌ្ឍន៍ នឹងត្រូវសាងសង់​ឡើង​ប្រកប​ដោយ​គុណភាព​ ដែលមានការធានា និងមានស្តង់ដា​សាងសង់លក្ខណៈ​អន្តរជាតិ»។

លោកបន្ដថា ដោយបានឈានជើង​ចូលក្នុងប្រទេសកម្ពុជាកាលពី១១ឆ្នាំមុន បាន​មើលឃើញ​ថា សំន្ទុះ គួរឲ្យកត់សម្គាល់​នៃ​វិស័យ​​ឧស្សាហ​កម្ម​សំណង់អគារខ្ពស់​នៅទីក្រុងភ្នំពេញ និងការទទួលយកជីវភាព​រស់នៅ តាមបែបជា​អគារខុនដូ បានកំពុងតែបន្តរីក​សាយ​កាន់តែច្រើន ។ដូចនេះ ក្រុមហ៊ុន HLH ប្តេជ្ញាផ្តល់បរិស្ថានរស់នៅ ដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ ដោយគួបផ្សំជា​មួយ​កន្លែងស្នាក់នៅ​ដ៏ទំនើបៗជូនដល់ប្រជាជនកម្ពុជា។

លោកជឿជាក់ថា ការអភិវឌ្ឍថ្មីនេះ​បូករួមជាមួយ​ឯកទេស​ដ៏ទំលំទូលាយ ​រវាងក្រុមហ៊ុន HLH និង Royal Group ក្នុងវិស័យអភិវឌ្ឍន៍​អចលនទ្រព្យនោះ នឹងផ្តល់អត្ថប្រយោជន៍​យ៉ាងល្អប្រសើរ​​ ដល់​អតិថិជន ហើយនឹង​​បន្ត​លើកកម្ពស់​ស្តង់ដា​រស់នៅសម្រាប់ប្រជាជន​កម្ពុជា។ ពិសេស ការអភិវឌ្ឍនេះ នឹងឆ្លើយតបតាមតំរូវការ​របស់អតិថិជន ដែលកំពុងបន្តស្វែង​រកសំណង់អគារ​ ដែលមានការធានាគុណភាព​លក្ខណៈអន្តរជាតិ និងតម្លៃសាកសម​បំផុត ​នៅក្នុងខណ្ឌ​ទួលគោក ៕