(សៀមរាប)៖ កាកបាទក្រហមកម្ពុជា សហការជាមួយកាកបាទក្រហមជប៉ុន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំវគ្គបំប៉នគ្រូបង្ហាត់វិជ្ជាសង្គ្រោះបឋម ជូនដល់សិក្ខាកាមជាគ្រូបង្គោលមកពីរាជធានី-ខេត្តទាំង២៥ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពបន្ថែមទៀត។
ពិធីដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាបនេះ ក្រោមអធិបតីភាព លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានការចូលរួមពីមន្ដ្រី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងកិច្ចស្វាគមន៍នោះ លោកស្រីនាយិការង នាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា វគ្គបំប៉ននេះ នឹងដំណើរការរយៈពេល៣ថ្ងៃ ចាប់ទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការសហការរវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមជប៉ុន ក្នុងគោលបំណងកែតម្រូវពិនិត្យបច្ចេកទេស និងបង្កើនសមត្ថភាពគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមបន្ថែមទៀត តាមសាខានីមួយៗ ទាំង២៥សាខារាជធានី-ខេត្ត។
តំណាងកាកបាទក្រហមជប៉ុន ក៏បានគូសបញ្ជាក់ថា វិជ្ជាសង្រ្គោះបឋមគឺ ជាកត្តាដ៏សំខាន់បំផុត នៅតាមបណ្តាប្រទេសនីមួយៗលើកសកលលោក ក្នុងការសង្រ្គោះអាយុជីវិត ដល់ជនរងគ្រោះនូវឧប្បទ្ទវហេតុផ្សេងៗ ហើយវគ្គបំប៉ននេះ ក៏ជាការចែករំលែកនូវបទពិសោធន៍បច្ចេកទេស ពីគ្នាទៅវិញទៅមកផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី គួយ ណាលីន បានលើកឡើងថា ទោះបីយើងទាំងអស់គ្នាស្ថិតក្នុង យុគសម័យបច្ចេកវិជ្ជាទំនើបក្តី ក៏ការសង្រ្គោះដោយមនុស្ស ដែលមានចំណេះដឹងអាចជួយដល់ជនរងគ្រោះគ្រប់ប្រភេទ ក្នុងនោះគ្រោះមហន្តរាយដោយធម្មជាតិ ដោយមនុស្ស ពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងស្ទើរតែរាល់ថ្ងៃនោះ នៅតែមានសារៈសំខាន់ និងជាគន្លឹះក្នុងការជួយដល់អាយុជីវិតមនុស្សជាតិ ហើយការងារនេះស្របតាមគោលការណ៍គ្រឹះ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលសមាគមជាតិជាសមាជិកទាំងអស់តែងបានប្រកាន់ខ្ជាប់ក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន។
លោកស្រីបានបន្តទៀតថា តាមរយៈការផ្តល់ចំណេះដឹងនេះ គឺបានធ្វើការបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្ត, យុវជនកាកបាទក្រហមកម្ពុជា និងតាមគ្រឹះស្ថានសិក្សា ដើម្បីធ្វើការចែករំលែកបន្ត ដល់ប្រជាពលរដ្ឋតាមសហគមន៍ និងផ្តល់នូវបទពិសោធន៍ ដើម្បីញ៉ាំងឲ្យបេសកកម្មមនុស្សធម៌នេះ មានប្រសិទ្ធភាព ក្នុងបរិបទ នៃសកលភាវូបនីយកម្ម។
ក្នុងនោះលោកស្រី គួយ ណាលីន ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្នុងរយៈពេល៣ថ្ងៃនេះ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ បច្ចេកទេសថ្មីៗ យកទៅធ្វើការផ្សព្វផ្សាយ និងអនុវត្តបន្តនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបទៅដោយប្រសិទ្ធភាពខ្ពស់៕