(កំពង់ស្ពឺ)៖ វត្តព្រះគោពោធិ៍ព្រឹក្សដ៏អត្តខាត់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមានសំណាងទទួលបានបច្ច័យកឋិនទានរបស់លោកឧកញ៉ា លី សាម៉េត និងលោកឧកញ៉ា ឌី ប៉ូ ចំនួនជិត ២០០លានរៀល សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត បូករួមនឹងបច្ច័យរបស់ពុទ្ធបរិស័ទចំណុះជើងវត្តជាង៨លានរៀល, ទន្ទឹមនោះលោកឧកញ៉ាទាំង២រូបក៏បានឧបត្ថម្ភបច្ច័យប្រមាណ ៥០លានរៀល បន្ថែមទៀតទៅលើការចំណាយផ្សេងៗផងដែរ។

លោកឧកញ៉ា លី សាម៉េត (ហៅលោកគ្រូមា) បានមានប្រសាសន៍នៅក្នុងពិធីបុណ្យកឋិនទាននោះថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ទើបលោកមានឱកាសធ្វើបុណ្យកឋិនទាន ហើយបានដង្ហែមកវត្តព្រះគោពោធិ៍ព្រឹក្ស នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកឧកញ៉ា លី សាម៉េត មានប្រសាសន៍បន្តថា រូបលោក និងលោកឧកញ៉ា ឌី ប៉ូ ធ្លាប់បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅវត្តព្រះគោពោធិ៍ព្រឹក្ស ហើយបានសន្យាចំពោះព្រះភក្តិព្រះចៅអធិការវត្តថា «លោកទាំងពីរនឹងដង្ហែអង្គកឋិនទានចូលមកវត្តព្រះគោពោធិ៍ព្រឹក្សនេះ»

គោរពតាមពាក្យសន្យា លោកទាំងពីរបានដង្ហែអង្គកឋិនទាន និងនាំមកនូវថវិកាចំនួន ១៥០លានរៀល ដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត។ ដោយឡែកបច្ច័យរបស់ពុទ្ធបរិស័ទចំណុះជើងវត្តមានចំនួនជាង ៨លានរៀល។ ក្រៅពីនោះលោកឧកញ៉ាបានប្រគេនបច្ច័យដល់វត្តចំនួន៥ផ្សេងទៀត និងបានចំណាយដល់ការងារទូទៅប្រមាណជិត ៥០លានរៀលបន្ថែមទៀត ហើយសន្យាបន្តជួយវត្តដែលអត្តខាត់ផ្សេងៗបន្តទៀត។

សូមបញ្ជាក់ថា ពិធីសាសនា បុណ្យកឋិនទានខាងលើនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍៧រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ លុះនៅព្រឹកថ្ងៃព្រហស្បតិ៍៨រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨បានដង្ហែរឆ្ពោះទៅវត្តព្រះគោពោធិ៍ព្រឹក្សដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ នៅវេលាម៉ោង១២ថ្ងៃត្រង់បានដង្ហែប្រទក្សិណជុំវិញព្រះវិហារ៣ជុំ ឡើងលើព្រះវិហាររួចវេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យ។ ដើម្បីរក្សាសុវត្ថិភាពដល់ព្រះចៅអធិការវត្ត លោកឧកញ៉ា លី សាម៉េត បានបញ្ចូលបច្ច័យទាំងអស់ដាក់នៅធនាគារវិញពេលត្រូវការកសាងវត្តអារាមអាចយកទៅប្រើប្រាស់បានគ្រប់ពេល៕